![]()
ខេត្តកំពង់ស្ពឺ៖ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានពិនិត្យឃើញថាក្រុមហ៊ុន Kirirom Food Production (K.F.P) Co., Ltd. ដែលកន្លងមក ធ្លាប់រងការបំពុលបរិស្ថាន បានចូលរួមអនុវត្យតាមវិធានការដែលក្រសួងបរិស្ថានបានដាក់ចុះ ដើម្បីធានាភាពស្អាតនិងទប់ស្កាត់ការបំពុលបរិស្ថាន និងការប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្រុមការងារជំនាញបានពិនិត្យឃើញថា ចំណុចប្រឡាយធម្មជាតិបន្តរពីស្រះស្តុកចុងក្រោយ៖ ទឹកមានសភាពធម្មតា និងមិនមានក្លិនគួរឱ្យគត់សម្គាល់ទេ pH=6.38 និងDO=4.5 mg/l ។
បន្ទាប់មក ចំណុចទឹកចុងក្រោយមុនបង្ហូរទៅតាមប្រឡាយ៖ ទឹកមានសភាពធម្មតា និងមិនមានក្លិនគួរឱ្យគត់សម្គាល់ទេ មានត្រី ខ្យង និងកុក រស់នៅធម្មតា ចំពោះការវាសគុណភាពទឹកឃើញថា pH=5.65 និងDO=4.75 mg/l ។ លើសពីនេះក្រុមហ៊ុន បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅក្នុងអេក្រង់បង្ហាញថា៖ pH=8.18 និងTSS=7.73 mg/l និងCOD=102 mg/l ។ ក្រុមការងារបានពិនិត្យឃើញថា ទីតាំងអាងប្រព្រឹត្តិកម្ម៖ ក្រុមហ៊ុនកំពុងសាងសង់និងបំពាក់ឧបករណ៍អាងប្រព្រឹត្តិកម្មថ្មីដែលមានសមត្ថភាពអាចសម្អាតបាន ៧០០ម៣/ថ្ងៃ។
ជាមួយគ្នានេះដែរ ក្រុមការងារសង្កេតឃើញថា ក្រុមហ៊ុនបានដំណើរការសម្អាតសំណល់រាវតាមលក្ខណៈធម្មជាតិ (Lagoon treatment) ដោយមានស្រះបាញ់ខ្យល់និងបង្ហូរបន្តឆ្លងកាត់ស្រះបន្តគ្នាចំនួន១១ ស្រះរហូតដល់ស្រះស្តុកចុងក្រោយ ដែលមានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ។
ក្រុមហ៊ុន បានធ្វើការគ្រប់គ្រងសំបកស្វាយ និងគ្រាប់ស្វាយ នៅលើទីតាំងសម្រាប់សម្ងួតនិងកែច្នៃសម្រាប់យកទៅតធ្វើជីកំប៉ុស្តិ៍និងដុតធ្វើជាធ្យូងនៅក្នុងទីតាំងដីរបស់ក្រុមហ៊ុនផ្ទាល់។
ក្នុងពេលជាមួយគ្នានេះ ក្រុមការងារបានបន្តណែនាំបន្ថែមដល់ក្រុមហ៊ុនអនុវត្តដូចខាងក្រោម៖
១-ហាមដាច់ខាតមានការលេចធ្លាយសំណល់រាវដែលមិនបានសម្អាតបានត្រឹមត្រូវ ចូលប្រភពទឹកសាធារណៈជាដាច់ខាត
២-ត្រូវពន្លឿនការរៀបចំអាងប្រព្រឹត្តិកម្មឱ្យបានរួចរាល់ និងដាក់ដំណើរការឱ្យបានពេញលេញយ៉ាងយូរក្នុងរយៈពេល ១ ខែ និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនៅប្រព័ន្ធប្រព្រឹត្តិកម្មថ្មី
៣-ពន្លឿនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានសង្គមពេញលេញឱ្យបានចប់សព្វគ្រប់ក្នុងរយៈពេល៦ខែ។


