![]()
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន Vattanac Brewery Co., LTD. និង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូន ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ដល់រដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង កងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាល និងមណ្ឌល ជនភៀសសឹកខេត្តស្ទឹងត្រែង។
ឯកឧត្តម សរ សុពុត្រា បានថ្លែងថា ៖ ការចូលរួមថវិកា និងសម្ភារៈជាស្បៀងឧបភោគបរិភោគ ដោយស្ម័គ្រចិត្ត ពីអ្នកឧកញ៉ា គឺបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាការលើកទឹកចិត្ត ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង តាំងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរសុខាភិបាលខេត្ត និងប្រជាជន ភៀសសឹកនៅក្នុងខេត្តក្រចេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធ V-Active អាវស្មារតី ខ្មែរតែមួយ និងភេសជ្ជៈ មកដល់រដ្ឋបាលខេត្ត ហើយទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់អ្នកឧកញ៉ា លើការងារសប្បុរសធម៌ និងកិច្ចការសង្គម ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សរ សុពុត្រា បានជូនពរ ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ បន្ថែមទៀត ដើម្បីបន្តចូលរួមរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព ៕




