![]()
ក្រុងសំរោង ៖ ទំនួលខុសត្រូវខ្ពស់ផ្ដើមចេញពីយើងទាំងអស់គ្នា! ពិតជាគួរឱ្យស្ងើចសរសើរ និងជាមោទនភាពយ៉ាងខ្លាំង ដែលភ្លាមៗបន្ទាប់ពីពិធីបើកការដ្ឋានសាងសង់ផ្លូវភ្លោះនាពេលព្រឹក នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅនេះបានបញ្ចប់ នៅពេលរសៀលបន្ទាប់ គណៈគ្រប់គ្រងសាលាភាសាអង់គ្លេស វែលឃឹម (Welcome English School) បានចាប់ផ្ដើមសកម្មភាពរុះរើសំណង់ដែលប៉ះពាល់លើដីចំណីផ្លូវដោយស្ម័គ្រចិត្តភ្លាមៗ និងប្រកបដោយស្មារតីម្ចាស់ការខ្ពស់បំផុត។
សកម្មភាពដ៏ប្រពៃនេះ មិនត្រឹមតែបង្ហាញពីការគោរពច្បាប់ស្ដីពីផ្លូវថ្នល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពស័ក្តសមជា គ្រឹះស្ថានអប់រំ ដែលបានបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យក្លាយជា «ទំពាំងស្នងឫស្សី» ប្រកបដោយគុណវុឌ្ឍិ និងការទទួលខុសត្រូវចំពោះសង្គមជាតិ។ រដ្ឋបាលក្រុងសំរោង បានសង្កេតឃើញនូវស្មារតីម្ចាស់ការខ្ពស់របស់ សាលាភាសាអង់គ្លេស វែលឃឹម (Welcome English School) និងបងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលបានស្ម័គ្រចិត្តរុះរើសំណង់ សំយាប និងរបងដែលប៉ះពាល់ចំណីផ្លូវភ្លាមៗ បន្ទាប់ពីពិធីបើកការដ្ឋានរួច។
ការអនុវត្តវិធានការរំដោះដីចំណីផ្លូវរបស់ សាលាភាសាអង់គ្លេស វែលឃឹម បានស្ដែងឱ្យឃើញពីគុណភាព និងគុណវុឌ្ឍិនៃការអប់រំ ក្នុងការបណ្ដុះបណ្ដាលយុវជនឱ្យក្លាយជាពលរដ្ឋល្អ គោរពច្បាប់ និងមានទំនួលខុសត្រូវខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសជាតិ។
តាមរយៈសកម្មភាពនេះ រដ្ឋបាលក្រុង សូមក្រើនរំលឹក និងផ្ដល់នូវសារអប់រំខ្លីៗ បែបសាមញ្ញៗ អំពីការប្រើប្រាស់ដីធ្លីដូចខាងក្រោម៖
១. បញ្ឈប់ទម្លាប់យល់ច្រឡំលើដីចំណីផ្លូវ៖ កន្លងមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ដែលជាម្ចាស់ដីកម្មសិទ្ធិនៅមុខផ្លូវ បានប្រើប្រាស់ដីចំណីផ្លូវជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួនយូរៗទៅ ក៏រហូតគិតថាជាដីរបស់ខ្លួនឯង។ ការណ៍នេះ បានបង្កជាផលលំបាកសម្រាប់ខ្លួនឯង គឺខាតបង់ថវិកាផ្ទាល់ខ្លួន និងប់ះពាល់យ៉ាងខ្លាំង នៅពេលរដ្ឋមានតម្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើជាប្រយោជន៍រួម។
២. ប្រើប្រាស់ដីកម្មសិទ្ធិឱ្យត្រឹមត្រូវតាមច្បាប់៖ ជម្រើសដ៏ល្អបំផុតសម្រាប់ម្ចាស់អចលនវត្ថុ គឺត្រូវប្រើប្រាស់ដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួនឱ្យបានត្រឹមត្រូវតាមដែលច្បាប់បានកំណត់។ បងប្អូនត្រូវបញ្ឈប់ទម្លាប់ប្រើប្រាស់ដីចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមរយៈការធ្វើតាមគ្នា ឬមើលបំណាំគ្នាទៅវិញទៅមកជាដើម។
៣. ពិនិត្យប័ណ្ណកម្មសិទ្ធិឱ្យបានច្បាស់លាស់៖ សូមបងប្អូនមេត្តាពិនិត្យលើ ប័ណ្ណសម្គាល់សិទ្ធិម្ចាស់អចលនវត្ថុ របស់ខ្លួនឱ្យបានដិតដល់ ដើម្បីដឹងពីទំហំផ្លូវ និងប្រវែងដីរបស់ខ្លួនឱ្យបានពិតប្រាកដ ហើយរាល់ការសាង់សង់ត្រូវស្នើសុំច្បាប់អនុញ្ញាតជាមុន។ ការធ្វើបែបនេះ មិនត្រឹមតែជួយបញ្ចៀសបញ្ហាទំនាស់ជាមួយអ្នកជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យការអភិវឌ្ឍក្រុង ខេត្ត អាចប្រព្រឹត្តទៅបានយ៉ាងរលូន ដើម្បីឧត្តមប្រយោជន៍ជាតិ និងកូនចៅយើងតទៅអនាគត។
រដ្ឋបាលក្រុងសំរោង សូមថ្លែងអំណរគុណជាថ្មីម្ដងទៀត ចំពោះការយល់ដឹង និងការលះបង់របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ហើយស្មារតីចូលរួមគោរពច្បាប់នៅថ្ងៃនេះ នឹងធ្វើឱ្យក្រុងសំរោងប្រែមុខមាត់ថ្មី ក្លាយជាក្រុង ជាប្រជុំជនខេត្ត ដែលមានសណ្ដាប់ធ្នាប់ ស្រស់ស្អាត និងស៊ីវិល័យប្រកបដោយចក្ខុវិស័យខ្ពស់របស់ថ្នាក់ដឹកនាំខេត្តនាពេលបច្ចុប្បន្ន៕










