ខេត្តព្រះវិហារ ៖ តាមរយៈ បណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបង្ហោះភ្ជាប់ខ្លឹមសារថា ៖ ថ្មីៗនេះ ខ្ញុំបានឃើញ ការពេញនិយម និងល្បីល្បាញជាខ្លាំងរបស់ «ស្រាថ្នាំយាយនឿន» នៅលើបណ្តាញសង្គម ដែលផលិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ខ្ញុំសូមអបអរសាទរចំពោះផលិតផលមូលដ្ឋាន ដែលទទួលបានការគាំទ្រខ្លាំង។ ស្រាថ្នាំប្រភេទនេះ គឺជាប្រភេទស្រាតំបន់ ដែល យើងក៏ធ្លាប់ឃើញមានលក់នៅតាមតំបន់ផ្សេងៗផងដែរ។
ដោយក្តីបារម្ភពីសុខភាពសាធារណៈ ខ្ញុំសូមធ្វើការសំណូមពរ និងផ្តល់ជាអនុសាសន៍ដូចខាងក្រោម៖
១. ការចុះបញ្ជីការត្រឹមត្រូវ៖ សូមឱ្យមានការចុះបញ្ជីការផលិតផលឱ្យបានត្រឹមត្រូវតាមរយៈមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ខ្ញុំក៏បានចាត់ឱ្យមន្ទីរចុះជួយសម្របសម្រួល និងគាំទ្រលើកិច្ចការងារនេះរួចហើយដែរ)។
២. ការប្រើប្រាស់ស្រាសុទ្ធ៖ សូមយាយនឿន បន្តប្រើប្រាស់ស្រាសុទ្ធដែលបិទពីអង្ករធម្មជាតិក្នុងស្រុក។
៣. វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ៖ សូមប្រើប្រាស់តែមើមរុក្ខជាតិ និងវត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ដោយមិនត្រូវលាយសារធាតុគីមីបន្ថែមឡើយ ដើម្បីធានាសុខភាពអ្នកពិសា។
៤. ការលើកឡើងនេះ គឺមិនមែនជាការលើកទឹកចិត្តឱ្យមានការបរិភោគគ្រឿងស្រវឹងនោះឡើយ។ សូមពិសាដោយការទទួលខុសត្រូវ!
៥. ផលិតផលនេះ គឺជាស្រាថ្នាំ មិនមែនជាថ្នាំព្យាបាលរោគ នោះទេ។
ចុងក្រោយ សូមជូនពរឱ្យ យាយនឿន អាចរក្សាបាន នូវគុណភាពផលិតផល
ខ្ពស់ និងទទួលបានជោគជ័យកាន់តែខ្លាំងក្នុងអាជីវកម្ម មួយនេះ!
