ភ្នំពេញ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ខែវិច្ឆកា ឆ្នាំ២០២៦ បន្ទាប់ពីមានសារព៌ត័មាន ធ្វើការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីល្បែងសុីសងខុសច្បាប់ ស្ថិតនៅផ្លូវ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ភី សុីថន ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យបើកលួចលាក់លេងល្បែងសុីសងខុសច្បាប់ ស្ថិតនៅចំណុចខាងលើ ។ ខណៈដែលកម្លាំងអាជ្ញាធរ សមត្ថកិច្ច ចុះដល់ទីតាំងខាងលេី គឺពុំមានបុគ្គលិក និងភ្ញៀវចូលលេងនោះទេ និងបានពិនិយ្យមានទូបាញ់ហ្គេម និងតុ សម្រាប់លេងល្បែងសុីសងខុសច្បាប់មួយចំនួន ។
ក្រោយត្រួតពិនិត្យរួចហើយ កម្លាំងអាជ្ញាធរ សមត្ថកិច្ចបានធ្វើកំណត់ហេតុ សម្រេចបិទឃ្លុំទីតាំងខាងលើដើម្បីបន្តនីតិវិធី៕
