ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីក្រសួងបរិស្ថាន បានចុះបំពេញបេសកកម្មអនុវត្តគម្រោងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រ «ឧទ្យានជាតិជួរភ្នំក្រវាញ» ដោយធ្វើចុះល្បាតចំនួន៨២លើក ធ្វើការបង្ក្រាបបទល្មើសផ្ទាល់ ចំនួន ១៥ករណីក្នុងនោះ បទល្មើសព្រៃឈើ មានចំនួន១១ ករណី និងបទល្មើសសត្វព្រៃ ចំនួន ៤ករណី។
ជាមួយគ្នានេះ ក្នុងអំឡុងពេលកន្លងមកនេះ មន្រ្តីជំនាញបានបន្តធ្វើការតម្រង់ទិសច្បាប់ដល់មន្ត្រីឧទ្យានុរក្សប្រចាំការនៅតាមស្នាក់ការ លើការយល់ដឹង និងកំណត់បទប្បញ្ញត្តិនានាដែលមានចែងក្នុង «ក្រមបរិស្ថាននិងធនធានធម្មជាតិ» ដើម្បីពង្រឹងការដាក់ទោសទណ្ឌលើបទល្មើសព្រៃឈើ សត្វព្រៃ ទន្ទ្រានដីព្រៃ នេសាទ និងបទល្មើសរ៉ែជាដើម។
គួរបញ្ជាក់ថា គម្រោងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រ «ឧទ្យានជាតិជួរភ្នំក្រវាញ» ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ ព្រះសីហនុ និងខេត្តកោះកុង បាននិងកំពុងអនុវត្ត ដោយមានការសហការ និងចូលរួមយ៉ាងសកម្មពីសំណាក់មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រមទាំងបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)។
យុទ្ធនាការចុះពង្រឹងសមត្ថភាព និងការបន្តល្បាតយ៉ាងសស្រាក់សស្រាំរបស់មន្រ្តីពាក់ព័ន្ធ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការការពារសម្បត្តិព្រៃឈើ ព្រមទាំងសត្វព្រៃដ៏មានតម្លៃនៅក្នុងតំបន់ជួរភ្នំក្រវាញ ឱ្យបានគង់វង្សប្រកបដោយចីរភាព៕



