បាត់ដំបង ៖ គិតត្រឹមថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ វឌ្ឍនភាពនៃការងារសម្អាតប្រេង ដែល បានលេចធ្លាយ ចេញពីករណីក្រឡាប់ទូរថភ្លើង ស្ថិតនៅក្នុងភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ (ចាប់តាំងពីថ្ងៃទី ២១ ខែកញ្ញា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៦)។
នៅក្នុងសកម្មភាពចុះជួយអន្តរាគមន៍ និងស្តារបរិស្ថានឡើងវិញនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមការងារដែលមានមន្ត្រីជំនាញក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលខេត្តបាត់ដំបង សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំដើម្បីសម្អាតបរិស្ថាន និងទប់ស្កាត់ផលប៉ះពាល់។
យោងតាមរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ សកម្មភាពសម្អាតរបស់ក្រុមហ៊ុនជំនាញគិតមកទល់ពេលនេះ រួមមាន៖
• ការសម្អាតក្នុងប្រឡាយទឹក៖ ក្រុមហ៊ុនបានបោសសម្អាតសំណល់ប្រេងនៅក្នុងប្រឡាយទឹក ទាំងផ្នែកខាងជើង និងខាងត្បូងផ្លូវរថភ្លើង សម្រេចបានលើសពី ៩០% ហើយ។
• ការសម្អាតលើដីចំណីផ្លូវរថភ្លើង៖
• ផ្នែកខាងលិច៖ ការសម្អាតសំណល់ប្រេងសម្រេចបាន ៨០%។
• ផ្នែកខាងកើត៖ ការសម្អាតសម្រេចបានប្រមាណ ៥០%។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ និងបង្ការផលប៉ះពាល់បរិស្ថានជាយថាហេតុ ក្រុមការងារជំនាញចម្រុះបានបើកកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ ដោយបន្តការងារមួយចំនួនរួមមាន:
១. ជំរុញការសហការជាមួយក្រុមហ៊ុនបង្កើនល្បឿននៃការសម្អាតសំណល់ប្រេងនៅលើដីចំណីផ្លូវរថភ្លើងផ្នែកខាងកើត ដែលបច្ចុប្បន្នសម្រេចបានទើបតែពាក់កណ្តាលនៅឡើយ។
២. កាយប្រមូលសំណល់៖ ត្រូវកាយយកដី និងកម្ទេចសំណល់ដែលប្រឡាក់ប្រេងនៅកៀនៗផ្លូវរថភ្លើងចេញឱ្យអស់។
៣. គ្រប់គ្រងកាកសំណល់៖ ត្រូវរៀបចំទុកដាក់ និងវេចខ្ចប់សំណល់ចំបើងដែលមានផ្ទុកសំណល់ប្រេងឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីទប់ស្កាត់ដាច់ខាតមិនឱ្យមានការហូរសំណល់ប្រេងទាំងនោះត្រឡប់ទៅវិញ នៅពេលមានភ្លៀងធ្លាក់។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារជំនាញបរិស្ថាន កំពុងបន្តតាមដានត្រួតពិនិត្យសកម្មភាពសម្អាតបន្ថែមឱ្យបានឆាប់បញ្ចប់ ដើម្បីធានាថាទីតាំងកើតហេតុត្រូវបានស្តារ និងសម្អាតឡើងវិញទាំងស្រុង ជៀសវាងការរីករាលដាលបំពុលដល់ប្រភពទឹក និងដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕




