![]()
ភ្នំពេញ៖ កាលពីល្ងាចទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានចូលរួមក្នុងពិធីបេីកបង្ហាញជាផ្លូវការនូវផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងមានការចូលរួមពីសំណាក់ សម្ដេចសង្ឃ ព្រះសង្ឃ មន្រ្តីរាជការ ភ្ញៀវបរទេសជាតិ-អន្តរជាតិ វិចិត្រករ និងសាធារណជនជាច្រេីនអង្គនាក់។ ក្នុងពិធីខាងលើ គេឃើញវត្តមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន «វឌ្ឍនៈ ប្រ៊ូវើរី» ក៏បានអញ្ជើញចូលរួមដែរ។
គំនូរ មួយផ្ទាំងនេះ បានបង្ហាញទឹកចិត្តប្រជាជនកម្ពុជារាប់លាននាក់ ចំពោះសោកនាដកម្ម នៃសង្គ្រាមឈ្លានពាន ដែលបានកេីតឡេីង រួមទាំងការបង្ហាញទឹកចិត្តដ៏មោះមុតក្នុងការទាមទារយុត្តិធម៍ និងសន្តិភាពសម្រាប់ប្រទេសកម្ពុជា។
យ៉ាងណាមិញ គំនូរ មួយផ្ទាំងនេះ មិនមែនត្រឹមតែជាការកត់ត្រា និងការដាក់បង្ហាញនូវសកម្មភាពយង់ឃ្នងរបស់យោធាថៃ ផលលំបាក និងវិនាសកម្ម នៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែនេះ គឺជាការដាំដុះនូវផ្នត់គំនិតស្នេហាជាតិ ស្មារតីសាមគ្គីភាពជាតិ ការស្រលាញ់ ចែករំលែក និងយកចិត្តទុកដាក់ក្នុងនាមខ្មែរតែមួយ នៅក្នុងក្រអៅបេះដូង ប្រជាជនខ្មែរគ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈ ជាពិសេស បានដាស់តឿនដល់ប្រជាជនខ្មែរគ្រប់រូបឱ្យប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីស្រឡាញ់ថែរក្សានូវសន្តិភាព និងចងចាំថា “ខ្មែររួបរួម ខ្មែរខ្លាំង”។















