![]()
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ រួមជាមួយនឹងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរប៊ែរវើរីជីស អញ្ចើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់ នឹងជួសជុលវត្តអារាមមួយកន្លែងស្ថិតនៅក្បែរតំបន់ព្រំដែន ដែលជាអំណោយរបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលក្រុង ក្រុមប្រឹក្សាក្រុង អាជ្ញាធរសង្កាត់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ អាណាព្យាបាល និងសិស្សានុសិស្សសរុបប្រមាណ ៣៦០នាក់ យ៉ាងកុះករ ក្នុងបរិយាកាសសប្បាយរីករាយ និងមោទនភាពបំផុត។
អគារសិក្សាដែលចាប់ផ្ដើមសាងសង់នាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ដើម្បីផ្ដល់ជូនដល់សាលាបឋមសិក្សាគោកប្រាសាទ និងសាលាបឋមសិក្សាគូរ ដែលនឹងជួយជំរុញឱ្យវិស័យអប់រំនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាន់តែមានការរីកចម្រើន តាមរយៈការទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធសិក្សាថ្មីនាពេលនេះ។
ក្នុងនាមរដ្ឋបាលខេត្តឧត្ដរមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ និងការរួមចំណែកដ៏ធំធេងរបស់ អ្នកឧកញ៉ា លាង ម៉េង និងក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្សនៅតាមតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន។
សមិទ្ធផលថ្មីនេះ នឹងក្លាយជាកន្លែងសិក្សារៀនសូត្រប្រកបដោយផាសុកភាព ជួយជំរុញស្មារតីក្មួយៗសិស្សានុសិស្សឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍជាតិមាតុភូមិទៅអនាគត៕













