![]()
បាត់ដំបង ៖ គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត និង ម៉ូតូ បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ០០ នាទីព្រឹក ថ្ងៃទី២ ខែ គុម្ភៈ ឆ្នាំ២០២៦ ចំណុចផ្លូវបំបែក ហាយវេ ស្ថិតក្នុងក្រុមទី៣ ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានអោយដឹងថា៖មុនពេលកើតហេតុមានរថយន្ត Lexus Rx 300 ១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2C_1541 កំពុងបើកបរ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែទៅដល់ផ្លូវបំបែក មានស្រ្តីម្នាក់ ឈ្មោះ បុិច នី ជិះម៉ូតូម៉ាកហុងដាឌ្រីម ១គ្រឿង ទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវ ត្រូវរថយន្តបុក បណ្តាលអោយបែកក្បាល ស្លាប់យ៉ាងអាណោចអាធ័ម និង ម៉ូតូឆេះខ្ទេចខ្ទី នៅសល់តែ គ្រោងឆ្អឹង។
ចំណែកម្ចាស់រថយន្ត (មិនស្គាល់ អត្តសញ្ញាណ) បានបើកទ្វារ ចុះចេញពី រថយន្ត រត់គេចខ្លួនបាត់ ស្រមោលសូន្យឈឹង។
បន្ទាប់មក កម្លាំងនគរបាលចរាចរណ៍ ខេត្តបាត់ដំបង បានចុះទៅដល់ ធ្វើការវាស់វែង រួចយក រថយន្ត និង ម៉ូតូ ទៅរក្សាទុក បណ្តោះអាសន្ន នៅការិយាល័យ ចរាចរណ៍ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង រងចាំការដោះស្រាយនៅពេលក្រោយ។
រីឯសព ស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូន ក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕
ដោយ ៖ សុខ កុសល





