![]()
ខេត្តកណ្តាល ៖ រដ្ឋបាលស្រុកល្វាឯម សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះលក់ភេសជ្ជៈ និងក្រុមហ៊ុនចែកចាយស្រាបៀរទាំងអស់ក្នុងភូមិសាស្ត្រស្រុកជ្រាបថា៖ កន្លងមក រដ្ឋបាលស្រុក បានសង្កេតឃើញ មានការតម្លើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មភេសជ្ជៈគ្រប់មុខ និងស្រាបៀរជាច្រើន (គ្មានច្បាប់អនុញ្ញាត និងហួសសុពលភាព) ក្នុងបណ្តាឃុំទាំង១០ ពិសេសនៅតាមចិញ្ចើមផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រស្រុក ធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាព សេចក្តីថ្លៃថ្នូរ របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានស្រុក។
ដើម្បីរក្សាបានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ ជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូរ រដ្ឋបាលស្រុក សូមស្នើឱ្យលោក-លោកស្រី ជាម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយភេសជ្ជៈ និងស្រាបៀរទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅខាងមុខហាង ឬជាយីហោហាងគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ ដែលគ្មានច្បាប់ អនុញ្ញាត និងហួសសុពលភាព ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ដោយទុករយៈពេល០២សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយភេសជ្ជៈ និងស្រាបៀរទាំងអស់ ដែលមិនបានធ្វើការរុះរើ រដ្ឋបាលស្រុក នឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និងរាល់ការខូចខាតគ្រប់ប្រភេទ ម្ចាស់អាជីវកម្មទាំងអស់ជាអ្នកទទួលខុសត្រូវ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី មេត្តាជ្រាប និងចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕









