![]()
កំពង់ស្ពឺ ៖ អនុវត្តតាមគោលការ ដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងគុណធម៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំ ដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់ គិតគូរ របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលបាននូវព័ត៌មាន ពី បណ្តាញសង្គម ថាមានប្រជាពលរដ្ឋ មួយគ្រួសារមានជីវភាព ខ្វះខាត ជួបការលំបាក ដោយ កូន ប្រុសស្រី ៤នាក់ ក្នុងបន្ទុក ៣នាក់ មានពិការភាពពីកំណើត ពិបាកក្នុងការធ្វើដំណើរ ដោយក្តីអាណិតអាសូរ និងក្រោមស្មារតី មនុស្សធម៌ កាលពីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រួមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងក្រុមការ ងារអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ ពលរដ្ឋ ទីទាល់ក្រ មួយ គ្រួសារ ស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា គ្រួសារនេះ មានប្ដីឈ្មោះ សុខ ភក្រ្តា អាយុ៤២ឆ្នាំ ជាកម្មករសំណង់ និងភរិយា ខឿន ឆវី អាយុ៤០ឆ្នាំ ប្រកបមុខរបរបោកគក់ខោអាវ។ ពួកគាត់មានកូន៤នាក់ ក្នុងនោះមានដល់៣នាក់ ពិការ ពីកំណើត និងមានជំងឺឆ្កួតជ្រូក ដែលធ្វើឲ្យបន្ទុកគ្រួសារ កាន់តែធ្ងន់ធ្ងរខ្លាំង។
តាមការបញ្ជាក់ពីម្តាយ ថាបាន កូនច្បងម្នាក់ ប៉ុណ្ណោះ ដែលអាចធ្វើការកាត់សក់ ដើម្បីជួយទ្រទ្រង់ គ្រួសារ ខណៈប្អូនៗ ៣នាក់ ទៀតត្រូវការ ការថែទាំ ព្យាបាល ជាប្រចាំ។
ក្រោយពេល បានឃើញ ស្ថានភាព ជាក់ស្តែង លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបង្ហាញក្ដីអាណិតអាសូរយ៉ាងខ្លាំង និងមាន ប្រសាសន៍លើកទឹកចិត្តយ៉ាងកក់ក្ដៅថា៖ «ទោះជាជីវិត ជួបការលំបាក យ៉ាងណាក៏ដោយ សូមកុំបោះបង់ក្ដីសង្ឃឹម សូម បងស្រី បន្តឈររឹងមាំ និងតស៊ូ ជាពិសេស សូមថែទាំសុខភាព អោយបានល្អ»។
អាជ្ញាធរ និងក្រុមការងារ នឹងនៅជាមួយបងប្អូន មិនទុកឲ្យនៅឯកោឡើយ ហើយនឹងបន្តជួយគាំទ្រតាមសមត្ថភាព”។
លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានមានប្រសាសន៍បន្ថែមថា ការចូលរួមចែករំលែកទឹកចិត្តមនុស្សធម៌ ជួយគ្នាទៅវិញទៅមក គឺដើម្បីបន្តបង្កើនក្ដីសង្ឃឹមដល់គ្រួសារដែលកំពុងជួបការ លំបាក។
ក្នុងឱកាសនោះ ក្រុមការងារ បានផ្តល់អំណោយ រួមមាន ៖ ថវិកា ៤០០,០០០ រៀល អង្ករ ៣បាវ មី ៣កេស ទឹកសុទ្ធ ៣កេស ទឹកត្រី ៣យួរ ទឹកស៊ីអ៊ីវ ៣យួរ ត្រីខ ៣យួរ និងរទេះរុញ ៣គ្រឿង។
អំណោយទាំងនេះ មិនត្រឹមជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មានតម្លៃ បង្ហាញពីស្មារតីមនុស្សធម៌ និងការចែករំលែកក្នុងសង្គម ដែលជួយបន្តក្ដីសង្ឃឹម ឲ្យគ្រួសារ នេះ អាចបន្តដំណើរជីវិត ទៅមុខដោយកម្លាំងចិត្តរឹងមាំបន្ថែមទៀត៕





