![]()
ខេត្តសៀមរាប ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជានិច្ច ជាកាល តែងតែ ចូលរួម ឧបត្ថម្ភ ជា ភេសជ្ជៈ ថវិកា និងសម្ភារៈ ប្រើប្រាស់ ដល់ អាជ្ញាធរ និងសមត្ថកិច្ច ជាពិសេស ព្រឹត្តិការណ៍ បុណ្យជាតិ តូចធំ ដើម្បីរួមចំណែកញ៉ាំងឱ្យបរិយាកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែមានភាព អធិកអធម ជាក់ស្តែង កាលពី នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) បានឧបត្ថម្ភ ភេសជ្ជៈ ចំនួន១៥០០កេស ដល់ រដ្ឋបាលខេត្តសៀមរាប ។
ពីធីប្រគល់ និងទទួល នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។
ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលតែងតែផ្តល់កិច្ចសហការយ៉ាងស្អិតល្មួតជាមួយ អាជ្ញាធរខេត្ត។
ពិតណាស់ អំណោយទាំង នេះមិនត្រឹមតែជាការឧបត្ថម្ភភេសជ្ជៈ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាយវិការដ៏មានអត្ថន័យក្នុងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីចាត់ចែងក្នុងសកម្មភាពសាធារណៈ នាឱកាស បុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
លោកអភិបាលរងខេត្ត ក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ក្នុងការចូលរួមលើកស្ទួយវិស័យកីឡាជាតិ ជាពិសេសកីឡាប្រដាល់គុនខ្មែរ ឱ្យកាន់តែមានភាព ល្បីល្បាញសុះសាយ។
សកម្មភាពទាំងនេះ បានបង្កើតនូវភាព សប្បាយរីក រាយយ៉ាងក្រៃលែង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ត ក្នុងទឹកដីប្រវត្តិសាស្ត្រសៀមរាប-អង្គរ កាន់តែច្រើនកុះករ។
ក្នុងនាមរដ្ឋបាលខេត្តសៀម រាប លោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន ដែលតែងតែឈរជើង ជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ។
ការឧបត្ថម្ភ នាពេលនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងគោលដៅបម្រើឱ្យផល ប្រយោជន៍សាធារណៈ និងជួយសម្រួលដល់ការរៀបចំកម្មវិធីកម្សាន្តនានា ដើម្បីផ្តល់ភាពកក់ក្តៅ និងភាពរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកសម្រាកលម្ហែកាយ ក្នុងខេត្តសៀម រាប៕







