ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាម្ចាស់ឧបត្ថម្ភកម្មវិធី THE BATTLE OF 3 KINGDOMS ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនអ្នកគាំទ្រគុនខ្មែរ យើងខ្ញុំពិតជាបានតាមដានបញ្ហាដែលកំពុងកើតឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ ជាច្រើនឆ្នាំមកនេះ យើងខ្ញុំតែងបានចូលរួមអភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយគុនខ្មែរដែលជាសិល្បៈក្បាច់គុនបុរាណ និងជាអត្តសញ្ញាណរបស់ខ្មែរ។
កម្មវិធី THE BATTLE OF 3 KINGDOMS ត្រូវបានរៀបចំជាច្រើនខែមកហើយ។ គោលបំណងចម្បងរបស់ក្រុមហ៊ុនដែលខិតខំបង្កើតកម្មវិធីនេះឡើង គឺដើម្បីឲ្យកីឡាករទាំងអស់មានឱកាសតបស្នងដល់ក្លឹប និងគ្រូបង្វឹករបស់ខ្លួន ដែលបានបណ្តុះបណ្តាល និងជំរុញខ្លួនឱ្យក្លាយជាកីឡាករឆ្នើមក្នុងវិស័យគុនខ្មែរ តាមរយៈការចូលរួមប្រកួតដណ្តើមខ្សែក្រវ៉ាត់ និងរង្វាន់លើកទឹកចិត្តទាំងសម្រាប់គ្រូបង្វឹក និងសម្រាប់ខ្លួនឯងផ្ទាល់ ក្នុងគោលការណ៍ “គ្រូបានឡាន សិស្សបានលុយ”។
ជាអកុសល បញ្ហាដែលកំពុងកើតមានឡើង មិនត្រឹមតែមិនបានជួយដល់វិស័យគុនខ្មែរ បែរជាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃនៃវិស័យគុនខ្មែរទៅវិញ។
ក្នុងន័យនេះ ដើម្បីការពារនិងបន្តលើកស្ទួយវិស័យគុនខ្មែរ ស្របតាមឆន្ទៈ បេសកកម្ម និងគោលដៅរបស់ក្រុមហ៊ុនតាំងពីដើមរៀងមក យើងខ្ញុំបានជំរុញនិងសំណូមពរឲ្យមានការជួបពិភាក្សគ្នារវាងក្លឹប ធន់ សុភា គុនខ្មែរ (ដែលមានបេក្ខភាព កីឡាករ ធន់ ម៉េងហុង) និងក្លឹប ពេជ្រ សុផាន់ គុនខ្មែរ (ដែលមានបេក្ខភាព កីឡាករ ពេជ្រ សម្បត្តិ) ដោយមានការចូលរួមពីតំណាងស្ថានីយទូរទស្សន៍ជាតិកម្ពុជា អំពីការផ្លាស់ប្តូរពេលវេលានៃការប្រកួត។ ជាលទ្ធផល ភាគីទាំងអស់បានឯកភាពគ្នាផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ (ដែលបានឯកភាព និងគ្រោងទុកជាយូរមកហើយ) មកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វិញ។
ទោះបីជាក្រុមហ៊ុនត្រូវជួបប្រទះបញ្ហាប្រឈមមួយចំនួន ប៉ុន្តែក្រុមហ៊ុនជឿជាក់ថា ការផ្លាស់ប្តូរពេលវេលាប្រកួតនេះ ពិតជាបានការពារគុណតម្លៃ និងលើកស្ទួយវិស័យគុនខ្មែរទាំងមូល រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ដូចជា៖
១. ការប្រកួតដ៏អស្ចារ្យ និងជក់ចិត្តមួយ ត្រូវបានរៀបចំឡើង ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ជាធរមាន ដើម្បីជាការផ្តល់តម្លៃ និងតបស្នងចំពោះទស្សនិក និងអ្នកគាំទ្រគុនខ្មែរទាំងអស់ ដែលតែងតែនិយមគាំទ្រ និងតាមដានដោយយកចិត្តទុកដាក់។
២. កីឡាករមានពេលសម្រាក និងហ្វឹកហាត់គ្រប់គ្រាន់ ហើយអាចថែរក្សាសុខភាពបានល្អមាំមួនសម្រាប់បន្តអាជីពជាកីឡាករក្នុងរយៈពេលយូរអង្វែង។
៣. ការផ្តល់ និងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ គ្រូបង្វឹក ក្លឹប និងភាគីពាក់ព័ន្ធផ្សេងៗ។
ក្រុមហ៊ុនជឿជាក់ថា ទស្សនិកជន និងអ្នកគាំទ្រគុនខ្មែរទាំងអស់ ពិតជាអាចយល់ច្បាស់អំពីបញ្ហានេះ ហើយនឹងបន្តតាមដាន គាំទ្រ និងចូលរួមទស្សនាការប្រកួតដ៏អស្ចារ្យដែលផ្តល់ជូនដោយក្រុមហ៊ុន វឌ្ឍនៈ ឲ្យបានច្រើនកុះករ នោថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦។
សូមអរគុណ។




