ភ្នំពេញ៖ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្រោម វត្តមាន អញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាទេសចរណ៍កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប, លោក Mark Aspland នាយកប្រតិបត្តិការ (COO) នៃស្ថាប័ន Legends Tour ព្រមទាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ក្រុមហ៊ុនដៃគូ និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ពិតជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការប្រកាសបើកទំព័រប្រវត្តិសាស្ត្រដ៏រំភើបថ្មីមួយទៀត សម្រាប់វិស័យកីឡាវាយកូនហ្គោល វិស័យកីឡា និងវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា នាថ្ងៃនេះ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ កំពូលកីឡាករ វាយកូនហ្គោលល្បីៗ កម្រិតពិភពលោក សម្រាប់ការប្រកួតជើងឯកអន្តរជាតិធំៗចំនួនពីរ ដែលនឹងប្រព្រឹត្តទៅនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត (Vattanac Golf Resort) ។
យើងពិតជាមានមោទនភាពដែលបានចាប់ដៃគូសហការជាមួយ ឡេ ចិន ធួ Legends Tour ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះអោយលេចចេញជារូបរាងឡើង។ Legends Tour គឺជាស្ថាប័នរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពសម្រាប់កីឡាករដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ និងកីឡាករមួយចំនួននៃកម្មវិធី PGA European Tour។ តាមរយៈភាពជាដៃគូនេះ យើងកំពុងនាំយកការប្រកួតកីឡាវាយកូនហ្គោលកម្រិតជើងឯកអន្តរជាតិមកកាន់ប្រទេសកម្ពុជា ដោយមានការចូលរួមពីកីឡាករដែលមានឈ្មោះបោះសម្លេង និងជោគជ័យបំផុត ក្នុងនោះរួមមានទាំងម្ចាស់ជើងឯកពានរង្វាន់ធំៗ (Major Champions), អតីតកីឡាករលំដាប់ថ្នាក់លេខ១ពិភពលោក, កីឡាករ និងប្រធានក្រុមដែលធ្លាប់ប្រកួតពានរង្វាន់ Ryder Cup, ដែលនឹងបង្កើតជាវេទិកាដ៏មានឥទ្ធិពលមួយបង្ហាញពីសក្តានុពលនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក។
សូមជម្រាបថា ក្នុងសប្តាហ៍ទី១ (ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦) យើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Vattanac Legends Championship ដោយមានកីឡាករវាយកូនហ្គោលអាជីពអន្តរជាតិចំនួន ៦០ រូប មកពីគ្រប់ទិសទីនៃពិភពលោក ចូលរួមប្រកួតប្រជែងតំណែងជើងឯកដែលមានប្រាក់រង្វាន់សរុបចំនួន ៦៥០,០០០ ដុល្លារអាមេរិក។
ក្នុងចំណោមនោះ កីឡាករល្បីៗលំដាប់កំពូលរបស់ពិភពលោកដែលរំពឹងថានឹងចូលរួមប្រកួត រួមមានលោក Jamie Donaldson ដែលបច្ចុប្បន្នជាកីឡាករឈរលេខរៀងទី១ លើតារាង Order of Merit, លោក Michael Campbell ម្ចាស់ជើងឯកពានរង្វាន់ Major Champion និងជាអតីតម្ចាស់ជើងឯក Lee Westwood ដែលបានបញ្ចប់ការគ្រប់គ្រងតំណែងកំពូលរយៈពេល៥ឆ្នាំរបស់លោក Tiger Woods ក្នុងតារាងចំណាត់ថ្នាក់កីឡាករវាយកូនហ្គោលពិភពលោកឆ្នាំ២០១០, លោក David Drysdale ម្ចាស់ជើងឯកនៃការប្រកួត Vattanac Legends Championship 2025, លោក Darren Fichardt ម្ចាស់ជើងឯកនៃការប្រកួត Vattanac Legends Championship Legacy Edition 2025, រួមទាំងកីឡាករឆ្នើមៗជាច្រើនរូបទៀត។ កំពូលកីឡាករទាំងនេះមិនត្រឹមតែជាម្ចាស់ជើងឯកនៅក្នុងវិស័យកីឡាវាយកូនហ្គោលប៉ុណ្ណោះទេ ថែមទាំងជា និមិត្តរូបនៃកីឡាកម្រិតអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ និងកោតសរសើរពីសំណាក់អ្នកគាំទ្រកីឡាវាយកូនហ្គោលនៅជុំវិញពិភពលោកទៀតផង។
បន្ទាប់មក ក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦) យើងនឹងបន្តធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Vattanac Tour Championship ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុតប្រចាំរដូវកាល។ ការប្រកួតដណ្តើមតំណែងជើងឯកសម្រាប់សប្តាហ៍ទី២ មានប្រាក់រង្វាន់សរុបចំនួន ៨០០,០០០ ដុល្លារអាម៉េរិក ហើយកីឡាករដែលអាចចូលរួមការប្រកួតនេះបាន លុះត្រាតែស្ថិតក្នុងចំណោមកីឡាករដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ ៦០រូប នៃការប្រកួតប្រជែងក្នុងសប្តាហ៍ទី១។
សរុបមក ព្រឹត្តិការណ៍ជើងឯកទាំងពីរនេះ នឹងនាំមកនូវការប្រកួតកីឡាវាយកូនហ្គោលកម្រិតអន្តរជាតិចំនួនពីរបន្តបន្ទាប់គ្នានៅកម្ពុជា ជាមួយនឹងទំហំប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥ លានដុល្លារអាម៉េរិក។
ចំណុចពិសេសនៃព្រឹត្តិការណ៍ប្រកួតនេះ គឺស្ថិតត្រង់ភាពដ៏កម្រដែលស្ថាប័ន Legends Tour សម្រេចចិត្តរៀបចំការប្រកួតកម្រិតជើងឯកអន្តរជាតិដល់ទៅ ២លើកជាប់ៗគ្នានៅទីតាំងប្រកួតតែមួយ និងក្នុងប្រទេសតែមួយ។ ការសម្រេចចិត្តរបស់ Legends Tour បែបនេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ Vattanac Legends Championship និង Vattanac Legends Championship Legacy Edition កាលពីឆ្នាំមុននៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត ដែលបានធ្វើអោយ Legends Tour មានការជឿទុកចិត្តខ្លាំងមកលើប្រទេសកម្ពុជា និង វឌ្ឍនៈ ហ្គោល រីសត របស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប។ នេះ គឺជាមោទនភាពដ៏ធំធេង និងជាការឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ និងការជឿទុកចិត្តគ្នាទៅវិញទៅមកដែលយើងបានកសាងរួមគ្នាជាមួយ Legends Tour ។
រាល់អាជីវកម្មទាំងអស់របស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប រាប់តាំងពីវិស័យធនាគារ វិស័យលក់រាយ និងអចលនទ្រព្យ រហូតដល់បដិសណ្ឋារកិច្ច អប់រំ សួនឧស្សាហកម្ម និងទីលានវាយកូនហ្គោល ទោះបីជាស្ថិតក្នុងវិស័យផ្សេងៗគ្នាក៏ដោយ ប៉ុន្តែទស្សនវិជ្ជារបស់ក្រុមហ៊ុននៅតែដដែល គឺ៖ កសាងឧត្តមភាព លើកកម្ពស់ស្តង់ដារ បង្កើតឱកាស និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជានិច្ច។ មិនថាយើងធ្វើអ្វីក៏ដោយ គឺយើងធ្វើឡើងប្រកបដោយមហិច្ឆតា គុណភាព និងគោលបំណងច្បាស់លាស់ ដោយរាល់កិច្ចការដែលយើងបានសម្រេចចិត្តធ្វើ គឺត្រូវតែប្តេជ្ញាធ្វើឱ្យបានល្អឥតខ្ចោះ។
ជាក់ស្តែង រោងចក្រស្រាបៀរ វឌ្ឍនៈ (Vattanac Brewery) ដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះស្តង់ដារ និងគុណភាពនៃផលិតកម្ម បានទទួលមេដាយមាស និងពានរង្វាន់អន្តរជាតិរហូតដល់ចំនួន ១០០ ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំ និង ៨ខែ នៃដំណើរការ ធ្វើឱ្យ វឌ្ឍនៈ ក្លាយជារោងចក្រស្រាបៀរ និងក្រុមហ៊ុនភេសជ្ជៈដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតនៅប្រទេសកម្ពុជា។ ពានរង្វាន់កិត្តិយសទាំងនេះ រួមមាន មេដាយមាស, ពានរង្វាន់ពេជ្រ និងពានរង្វាន់ ឧត្តមភាពពីគណៈវិនិច្ឆ័យ (Prize of the Jury) ដែលជាពានរង្វាន់លេចធ្លោជាងគេបំផុតមួយត្រូវបានសម្រេចប្រគល់ជូនផលិតផល វឌ្ឍនៈ ព្រីមៀម ឡាយ (Vattanac Premium Light) បន្ទាប់ពីការសម្រេចជាឯកច្ឆន្ទ ជាផលិតផលដែលគណៈវិនិច្ឆ័យពេញចិត្តបំផុត។ ការទទួលបានពានរង្វាន់ The Prize of Jury នេះ មិនត្រឹមតែជាកិត្តិយសសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមិទ្ធផលប្រវត្តិសាស្ត្រ និងជាមោទនភាពជាតិដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិផងដែរ ដោយផលិតផល វឌ្ឍនៈ ព្រីមៀម ឡាយ បានក្លាយជាផលិតផលដំបូងគេបង្អស់ផលិតក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដែលបានទទួលពានរង្វាន់អន្តរជាតិដ៏អស្ចារ្យបែបនេះ។
ការគិតគូចំពោះការកសាងឧត្តមភាពនេះ ក៏អាចត្រូវបានមើលឃើញនៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត ផងដែរ។ ចាប់តាំងពីបើកដំណើរការ, ទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត ដែលរចនាឡើងដោយលោក Sir Nick Faldo បានទទួលពានរង្វាន់កីឡាវាយកូនហ្គោលពិភពលោក (World Golf Awards) ជាច្រើន រួមទាំងពានរង្វាន់ទីលានវាយកូនហ្គោលល្អបំផុតប្រចាំកម្ពុជា (Cambodia’s Best Golf Course) ៥ឆ្នាំជាប់ៗគ្នា និងពានរង្វាន់ទីលានវាយកូនហ្គោល ៩ឡូ ល្អបំផុតក្នុងលោក (World’s Best 9 Hole Golf Course) សម្រាប់ទីលាន The Dragon Turn ថែមទាំងត្រូវបានទទួលស្គាល់នៅក្នុងចំណោមរមណីយដ្ឋានវាយកូនហ្គោលកំពូលទាំង ១០០ លើពិភពលោក (Top 100 Golf Resort globally) ដោយគេហទំព័រ GOLF.com ទៀតផង។
ពានរង្វាន់ទាំងនេះ ឆ្លុះបញ្ចាំងពីគុណវុឌ្ឍិ ស្តង់ដារ និងគុណភាព នៃទីលានវាយកូនហ្គោល, សេវាកម្ម, និងបដិសណ្ឋារកិច្ច ព្រមទាំងទំនុកចិត្តចំពោះ វឌ្ឍនៈ ហ្គោល រីសត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតជើងឯកអន្តរជាតិដ៏ធំបែបនេះ។
ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិដ៏ធំនេះ គឺជាឱកាសដ៏ប្រពៃបំផុតក្នុងការនាំពិភពលោកមកកាន់ប្រទេសកម្ពុជា និងបង្ហាញពិភពលោកឱ្យបានឃើញពីអ្វីៗដែលល្អបំផុតរបស់ប្រទេសកម្ពុជាដែលរួមមាន ប្រវត្តិសាស្ត្រដ៏អស្ចារ្យ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលអភិវឌ្ឍឥតឈប់ឈរ និងទីលានកីឡាស្តង់ដារអន្តរជាតិដ៏ស្រស់ស្អាត ជាដើម រួមទាំងប្រជាជនកម្ពុជាដែលពោរពេញដោយស្នាមញញឹម ភាពកក់ក្តៅរួសរាយរាក់ទាក់ និងសេចក្តីថ្លៃថ្នូរ។
តាមរយៈការមកដល់របស់ក្រុមកីឡាករឆ្នើមលំដាប់ពិភពលោកមកកាន់ប្រទេសកម្ពុជា, ពួកគាត់នឹងនាំមកជាមួយនូវប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ក្រុមការងាររៀបចំការប្រកួត អ្នកឧបត្ថម្ភកម្មវិធី ព្រមទាំងអ្នកគាំទ្រ និងទស្សនិកជនមកពីគ្រប់ទិសទីជុំវិញពិភពលោក។ ភ្ញៀវទាំងនេះនឹងជួយណែនាំប្រទេសកម្ពុជាទៅកាន់មនុស្សរាប់លាននាក់បន្តទៀត អំពីទីកន្លែងដែលពួកគាត់បានទៅទស្សនា មនុស្សដែលពួកគាត់បានជួប រួមទាំងបទពិសោធន៍ដែលពួកគាត់បានទទួលផងដែរ។
ផ្នែកដ៏សំខាន់មួយទៀតនៃព្រឹត្តិការណ៍ប្រកួតរយៈពេលពីរសប្តាហ៍នេះ គឺកម្មវិធីប្រកួតរួមគ្នា Pro-Am (Professional-Amateur) ដែលនឹងផ្តល់ឱកាសឱ្យកីឡាករវាយកូនហ្គោលក្នុងស្រុក បានចូលរួមលេងរួមគ្នាជាមួយនឹងកីឡាករវាយកូនហ្គោលអាជីពលំដាប់អន្តរជាតិទាំងនេះ។ កម្មវិធីប្រកួតរួមគ្នា Pro-Am នឹងមានរៀបចំទាំងនៅទីលានវាយកូនហ្គោល វឌ្ឍនៈ រីសត រាជធានីភ្នំពេញនិងនៅរមណីយដ្ឋាន អង្គរ ហ្គោល រីសត (Angkor Golf Resort) ក្នុងខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជាដើម្បីស្វែងយល់និងទទួលយកបទពិសោធន៍អំពីបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រអស្ចារ្យរបស់ប្រទេសកម្ពុជា។ ក្នុងន័យនេះ ខ្ញុំសូមគោរពអញ្ជើញកីឡាករវាយកូនហ្គោលនៅក្នុងប្រទេសកម្ពុជាទាំងអស់ ចូលរួមប្រកួតប្រជែង និងចូលរួមលេងជាមួយកំពូលកីឡាករល្បីៗក្នុងពិភពលោក ដើម្បីផ្លាស់ប្តូរបទពិសោធន៍ បង្កើតមិត្តភាព ក៏ដូចជាចូលរួមស្វាគមន៍ម្ចាស់ជើងឯករបស់ពិភពលោកមកកាន់ប្រទេសកម្ពុជាយើងដោយផ្ទាល់ទាំងអស់គ្នា។
បន្ថែមលើនេះ កាលពីឆ្នាំមុន យើងបានបង្កើតព្រឹត្តិការណ៍ដ៏ពិសេសមួយ គឺកម្មវិធី Tonle Sap Challenge ដែលកីឡាករវាយកូនហ្គោលអាជីពបានប្តូរពីការវាយកូនហ្គោលនៅលើទីលានវាលស្មៅ មកជាការវាយកូនហ្គោលចេញពីតំបន់មាត់ទន្លេចតុមុខតម្រង់ទៅគោលដៅនៅលើសាឡង់ខ្សាច់ ហើយព្រឹត្តិការណ៍នេះបានផ្សារភ្ជាប់គ្នារវាងកីឡាវាយកូនហ្គោល, ទេសចរណ៍, និងការកម្សាន្តយ៉ាងទាក់ទាញបំផុត។ ឆ្នាំនេះ យើងមានបំណងរៀបចំកម្មវិធី Tonle Sap Challenge ឱ្យកាន់តែធំ និងកាន់តែប្រសើរជាងមុន ដោយផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណខ្មែរអោយកាន់តែឃើញច្បាស់ ដែលធ្វើអោយកម្មវិធីកាន់តែមានលក្ខណៈពិសេសទាក់ទាញប្លែកគេ។
យើងជឿជាក់ថា តាមរយៈបទពិសោធន៍នៃការប្រកួតដ៏អស្ចារ្យនេះ បូករួមទាំង វប្បធម៌ បេតិកភណ្ឌ បដិសណ្ឋារកិច្ច និងប្រជាជននៃប្រទេសកម្ពុជា នឹងក្លាយជាភាពទាក់ទាញដ៏សំខាន់ដែលនាំឱ្យក្រុមកីឡាករកំពូលលំដាប់ពិភពលោកទាំងនេះចងចាំពីប្រទេសកម្ពុជា បន្តការនិទានរៀបរាប់អំពីកម្ពុជា និងត្រឡប់មកកាន់កម្ពុជាវិញសារជាថ្មីនាពេលខាងមុខ។
ទាំងនេះគឺជាមហិច្ឆតារបស់ វឌ្ឍនៈ ដែលចង់ឱ្យប្រទេសកម្ពុជាត្រូវបានពិភពលោកស្គាល់ និងកាន់តែជឿទុកចិត្តច្រើនឡើង ក្នុងនាមជាប្រទេសគោលដៅសម្រាប់កីឡាវាយកូនហ្គោល វិស័យកីឡា ទេសចរណ៍ និងការវិនិយោគ។
គោលបំណងចម្បងមួយទៀតរបស់ ក្រុមហ៊ុន វឌ្ឍនៈ គឺការបន្តចូលរួមអភិវឌ្ឍ និងបណ្តុះបណ្តាលវិស័យកីឡាវាយកូនហ្គោលនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយទាំងប្រុស ទាំងស្រី អោយកាន់តែច្រើនឡើង ដើម្បីអោយយុវជនទាំងនេះអាចឈ្វេងយល់ រៀនសូត្រ លេង និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនក្នុងកីឡាវាយកូនហ្គោលនេះ។ កីឡាវាយកូនហ្គោលក៏បង្រៀនពីវិន័យ ភាពអត់ធ្មត់ ការគោរព ភាពស្មោះត្រង់ និងស្មារតីកីឡា ដែលជាគុណតម្លៃដ៏ល្អផូផង់លើសពីសកម្មភាពនៅលើទីលានវាយកូនហ្គោលផងដែរ។
ការនាំយកក្រុមកីឡាករវាយកូនហ្គោលដ៏ឆ្នើមបំផុតរបស់ពិភពលោកមកកាន់កម្ពុជា គឺជាការបញ្ជូនសារដ៏មានឥទ្ធិពលបំផុតមួយសម្រាប់យុវជនកម្ពុជាក្នុងការបំផុសចិត្តគំនិត (Inspiration) ។ ថ្ងៃណាមួយ ក្នុងចំណោមយុវជនកម្ពុជាដែលបានចូលរួមទស្សនាការប្រកួតពានរង្វាន់ជើងឯកនេះ ប្រហែលជាអាចនឹងក្លាយជាម្ចាស់ជើងឯករបស់កម្ពុជានាពេលអនាគត ឬក្លាយជាកីឡាករវាយកូនហ្គោលអាជីពតំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ហើយគ្រវីទង់ជាតិប្រទេសកម្ពុជាដោយមោទនភាព សម្រាប់ជាការបំផុសចិត្តគំនិតបន្តដល់យុវជនជំនាន់ក្រោយៗទៀត។ កិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡាវាយកូនហ្គោលទាំងនេះ ក៏ត្រូវបានសហព័ន្ធឧស្សាហកម្មកីឡាវាយកូនហ្គោលអាស៊ី (Asian Golf Industry Federation) ផ្តល់ពានរង្វាន់ “ការរួមចំណែកដ៏ឆ្នើមក្នុងការអភិវឌ្ឍវិស័យកីឡា” (Distinguished Contribution to Growing the Game) ដល់ វឌ្ឍនៈ ហ្គោល រីសត ផងដែរកាលពីឆ្នាំមុន។
កីឡាមានថាមពលដ៏ពិសេសក្នុងការផ្សារភ្ជាប់ភាសា វប្បធម៌ និងមនុស្សនៅគ្រប់ទិសទីជុំវិញពិភពលោក។ ការប្រកួតជើងឯកនីមួយៗ នឹងនាំឱ្យយើងបោះជំហានទៅមុខជាបន្តបន្ទាប់។ ភ្ញៀវទេសចរអន្តរជាតិនីមួយៗនឹងជួយនាំយកសាច់រឿងរបស់ប្រទេសកម្ពុជាទៅផ្សព្វផ្សាយបន្តកាន់តែច្រើនឡើងៗ។ យុវជនទាំងអស់ដែលទទួលបានការបំផុសចិត្តគំនិតពីក្រុមកីឡាករកំពូលៗរបស់ពិភពលោក នឹងចូលរួមពង្រឹងអនាគតរបស់កម្ពុជាកាន់តែរឹងមាំ។
ដូច្នេះ ខ្ញុំសូមលើកទឹកចិត្ត និងអញ្ជើញសាធារណជនទាំងអស់មកកាន់ទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត ក៏ដូចជានាំក្រុមគ្រួសារ និងមិត្តភក្តិមកចូលរួមទស្សនាការប្រកួតដ៏អស្ចារ្យរបស់កំពូលកីឡាករវាយកូនហ្គោលល្បីៗដោយផ្ទាល់អោយបានច្រើនកុះករ ដើម្បីមកទទួលយកបទពិសោធន៍នៃការប្រកួតកីឡាវាយកូនហ្គោលកម្រិតអន្តរជាតិផង ក៏ដូចជាចូលរួមស្វាគមន៍ពិភពលោកមកកាន់ប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាផងដែរ។
ចំណុចដែលសំខាន់បំផុត គឺសមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកពីព្រឹត្តិការណ៍ប្រកួតជើងឯកទាំងនេះ ដែលរួមមាន ការទទួលស្គាល់កាន់តែខ្លាំងសម្រាប់ប្រទេសកម្ពុជា, ទំនាក់ទំនងកាន់តែជិតស្និទ្ធរឹងមាំជាមួយពិភពលោក, ការបំផុសចិត្តគំនិតកាន់តែផុលផុសសម្រាប់យុវជនកម្ពុជា, និងការជឿទុកចិត្តកាន់តែខ្ពស់ចំពោះអ្វីដែលប្រទេសកម្ពុជាអាចសម្រេចបាន។
នៅពេលដែលការវាយឡូចុងក្រោយត្រូវបានបញ្ចប់ ភាពជោគជ័យរបស់យើង នឹងមិនត្រូវបានវាស់វែងតែលើការរៀបចំ ឬ លទ្ធផលនៃការប្រកួតប៉ុណ្ណោះទេ តែក៏នឹងត្រូវបានវាស់វែងតាមរយៈមិត្តភាពដែលយើងបានបង្កើត យុវជនដែលយើងបានបំផុសចិត្តគំនិត ភ្ញៀវដែលត្រឡប់ទៅផ្ទះវិញដោយក្តីរីករាយនិងស្ងើចសរសើរពីកម្ពុជា ព្រមទាំងការជឿទុកចិត្តដែលយើងបានរួមគ្នាបង្កើតឡើងសម្រាប់ប្រទេសកម្ពុជាទាំងមូល។
ទាំងនេះ គឺជាចក្ខុវិស័យ ដ៏ច្បាស់លាស់របស់ វឌ្ឍនៈ គ្រុប ក្នុងការនាំយកអ្វីដែលល្អបំផុតមកកម្ពុជា, បង្កើតអ្វីដែលល្អបំផុតនៅកម្ពុជា, និងបង្ហាញអ្វីដែលល្អបំផុតរបស់កម្ពុជាទៅកាន់ពិភពលោក។ ទាំងនេះ ក៏ជាមហិច្ចតា ការប្តេជ្ញាចិត្ត និងកេរដំណែលដែលយើងចង់បង្កើតឡើងរួមគ្នាផងដែរ។
មុននឹងបញ្ចប់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សូមអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះស្ថាប័ន Legends Tour សម្រាប់ទំនុកចិត្តដែលបានផ្តល់មកលើប្រទេសកម្ពុជា និងវឌ្ឍនៈ ហ្គោល រីសត ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការនាំយកព្រឹត្តិការណ៍ប្រកួតជើងឯកវាយកូនហ្គោលលំដាប់ពិភពលោកទាំងពីរនេះមកកាន់ប្រទេសកម្ពុជា។
សូមអរគុណអ្នកឧបត្ថម្ភកម្មវិធី និងដៃគូអាជីវកម្មទាំងអស់ សម្រាប់ការជឿជាក់លើចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ និងការគាំទ្រចំពោះដំណើរមួយនេះ។
សូមអរគុណដៃគូផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិទាំងអស់ សម្រាប់ការជួយផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតជើងឯកដ៏អស្ចារ្យទាំងនេះ ក៏ដូចជាសាច់រឿងល្អៗរបស់ប្រទេសកម្ពុជា ទៅកាន់ទស្សនិកជននៅជុំវិញពិភពលោក។
យើងរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ មិនត្រឹមតែជាការប្រកួតជើងឯក ប៉ុណ្ណោះទេ ប៉ុន្តែជាការអបអរសាទររបស់ប្រទេសកម្ពុជា និងជាជំហានឆ្ពោះទៅមុខថ្មីមួយទៀត ក្នុងការបង្ហាញពិភពលោក ឱ្យឃើញពីអ្វីៗ ដែលប្រទេសកម្ពុជាមាន។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ សូមជូនពរឱ្យអ្នកទាំងអស់គ្នា មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យជាបន្តបន្ទាប់។
















