ខេត្តកំពង់ចាម ៖ នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រណាំងទូក បណ្ដែតប្រទីប និងតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មការរៀបចំពិធី គណៈកម្មការទូក កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
សូមជម្រាបថា ក្នុងឆ្នាំ២០២៦នេះ មានទូកសរុបចំនួន ១០០ទូក ក្នុងនោះ ទូកអុំបុរស សរុបចំនួន ៥២ទូក និងទូកខ្នាតអន្តរជាតិសរុបចំនួន ៤៨ទូក កម្លាំងអុំសរុបចំនួន ៤៩៣២នាក់ និងកម្លាំងត្រៀមសរុបចំនួន៨០៦នាក់។ ការប្រណាំងមានចំនួន ០៣ជើង ពេលព្រឹកចំនួន ២ជើង និងពេលរសៀលចំនួន១ជើង។ ចំពោះការប្រណាំង ទូកដែលឈ្នះទាំង ៣ជើង ត្រូវទទួលជ័យលាភីលេខ១ ទូកដែលឈ្នះជើងទី១ ជើងទី២ ចាញ់ជើងទី៣ ត្រូវទទួលជ័យលាភីលេខ២ និងទូកដែលឈ្នះជើង១ ចាញ់ជើងទី២ និងឈ្នះជើងទី៣ ត្រូវទទួលជ័យលាភីលេខ៣ និងទូកដែលមិនបានស្ថិតក្នុងការកំណត់ខាងលើ ត្រូវបានកំណត់ជាទូកជាប់ចំណាត់ថ្នាក់កិត្តិយស។
សូមជម្រាបថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលបានឧបត្ថម្ភថវិកា ចំនួន ៥.០០០ $ (ប្រាំពាន់ ដុល្លារ អាមេរិក) ស្រាបៀ ចំនួន ៣៥០ កេស ភេសជ្ជៈចំនួន ១៥០កេស ទឹកបរិសុទ្ធចំនួន ៥០០កេស ស្តង់ពិព័រណ៍ចំនួន ៣០ស្តង់ ខ្លោងទ្វារសម្ពោធពិព័រណ៍១ អាវចំនួន ១.០០០អាវនិងមួកចំនួន ១.០០០មួក ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមចំណែករៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផល ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សាផងដែរ៕






