![]()
ក្រុងសំរោង ៖ ការរក្សាបាននូវដីចំណីផ្លូវតាមបទដ្ឋានបច្ចេកទេស គឺជាកត្តាចាំបាច់ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុងឱ្យបានធំទូលាយ នាថ្ងៃសៅរ៍ ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នេះ ដោយមានការចាត់តាំងពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង, លោក ណេត ភិរុណ ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈក្រុង បានដឹកនាំក្រុមការងារចម្រុះ ចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈ។
ក្រុមការងារ ដែលមានការចូលរួមពីលោកអធិការរងនគរបាលក្រុង, កម្លាំងកងរាជអាវុធហត្ថ, អាជ្ញាធរសង្កាត់សំរោង, មេភូមិពាក់ព័ន្ធ និងមន្ត្រីជំនាញនៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីក្រុង បានធ្វើការវាស់វែង និងបាញ់ថ្នាំកំណត់ចំណុច សម្គាល់លើ សំណង់ផ្ទះ របង តូប សំយាប ដែលបានសាងសង់រំលោភចូលមកលើដីចំណីផ្លូវ កំណាត់ផ្លូវចាប់ពី «រង្វង់មូលលោកេស្វរៈ (ដៃ៨)» រហូតដល់ «ស្ពានអូរឫស្សី»។
ទំហំផ្លូវ ក្នុងប្លង់គោល កំណាត់ផ្លូវនេះ មានទំហំសរុប ៥០ ម៉ែត្រ (គិតចាប់ពីអ័ក្សផ្លូវម្ខាង ២៥ ម៉ែត្រ) ដែលត្រូវរក្សាទុកជាដីចំណីផ្លូវសាធារណៈឱ្យបានស្អាតល្អ ស្របតាមគម្រោងសាងសង់ផ្លូវភ្លោះដែលកំពុងដំណើរការ។
ក្នុងឱកាសនោះដែរ ក្រុងការងាររដ្ឋបាលក្រុង បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ ចូលរួមសហការរុះរើសំណង់រំលោភ និងសម្អាតដីចំណីផ្លូវដោយស្ម័គ្រចិត្ត និងត្រូវបញ្ឈប់ការរំលោភបំពានតទៅទៀត ដែលកំណាត់ផ្លូវនេះ ត្រូវលើកកំពស់សោភណ្ឌភាពស្របគ្នាជាមួយនឹងគម្រោងស្ថាបនាផ្លូវភ្លោះបេតុងអាមេចាប់ពីរង្វង់មូលលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧។
ក្នុងឱកាសនោះ លោក ណេត ភិរុណ ប្រធានការិយាល័យ បានបញ្ជាក់ជូនប្រជាពលរដ្ឋតាមដងផ្លូវបានជ្រាបថាថា ការអភិវឌ្ឍហេហេដ្ឋារចនាសម្ព័ន្ធក្រុងសំរោងយើង មិនអាចខ្វះបាននូវការយោគយល់ និងការចូលរួមចំណែកពីបងប្អូនប្រជាពលរដ្ឋឡើយ។ ការរៀបចំដីចំណីផ្លូវឱ្យបានតាមប្លង់បច្ចេកទេស នឹងធ្វើឱ្យផ្លូវភ្លោះថ្មីនេះមានសោភ័ណភាពស្រស់បំព្រង និងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋគ្រប់រូប៕









