ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បញ្ជាក់ថា ករណី លួច កាបូបស្ពាយ មានសម្ភារៈ និងឯកសារ នៅសង្កាត់អូរបែកក្អម ខណ្ឌសែន សុខ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៨ និង ០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ម្នាក់ ករណីលួចយកាបូបស្ពាយ មាន ឡេបថប ០១គ្រឿង,កាម៉ារ៉ា០១គ្រឿង និងឯកសារផ្សេងៗ )កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០២៦ វេលាម៉ោង ប្រហែល ២១ និង២០នាទី នៅចំណុចផ្ទះលេខ៤៧ ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បង្កដោយជនសង្ស័យ ឈ្មោះ អ៊ុំ ឃ្មូក ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចយកាបូបស្ពាយ មានកុំព្យូទ័រ ឡេបថប ០១គ្រឿង កាមរ៉ា០១គ្រឿង និងឯកសារផ្សេងៗ របស់ ជនរងគ្រោះ ឈ្មោះ រិទ្ធី ច័ន្ទវីរៈ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថត ស្នាក់នៅផ្ទះលេខ៤៧ ណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សម្ភារបាត់បង់ រួមមាន ៖ កាបូបស្តាយ មាន កុំព្យូទ័រ ឡេបថប ០១គ្រឿង, កាមរ៉ា០១គ្រឿង, អត្តសញ្ញាណបណ្ណ, ឯកសារផ្សេងៗ (របស់ជនរងគ្រោះ) ។
ជាមួយនិងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈ របស់ជនរងគ្រោះ មកវិញមួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខកំពុងឃាត់ខ្លួនយកមកសាកសួរ ដើម្បីអនុវត្តតាមនិតិវិធី។
សូមបញ្ជាក់ថា ករណី អំពើ លួច កាបូប ជនរងគ្រោះ នៅចំណុចខាងលើកម្លាំងសមត្ថកិច្ច បានយកចិត្តទុកដាក់ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដោយមានការចូលរួមសហការផ្តល់ព័ត៌មានពីជនរងគ្រោះផងដែរ៕


