កីឡា ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សរសេរបង្ហោះលើ ហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៧ ថា ៖
ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានឃើញមានការលើកឡើងពីសំណាក់ក្លឹបមួយចំនួន ពាក់ព័ន្ធនឹងការពិបាកចាប់គូប្រកួតតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ។ ខ្ញុំយល់ថា នេះជាបញ្ហាដែលគួរតែពិភាក្សាដោយស្មោះត្រង់ ឈរលើហេតុផល និងទស្សនៈស្ថាបនា ជាជាងការចោទប្រកាន់គ្នាដោយគ្មានមូលដ្ឋានច្បាស់លាស់។
តាមទស្សនៈរបស់ខ្ញុំ ការទទួលបានឱកាសប្រកួតរបស់កីឡាករ និងកីឡាការិនី មិនអាស្រ័យលើកត្តាតែមួយនោះទេ ប៉ុន្តែភាគច្រើនពឹងផ្អែកលើកត្តាសំខាន់ៗចំនួន ៣៖
ទី១. សមត្ថភាពរបស់កីឡាករ
គុណភាពបច្ចេកទេស កម្លាំង ភាពស្វិតធន់ និងការ បង្ហាញសមត្ថភាពជាបន្តបន្ទាប់ គឺជាកត្តាចម្បងដែលធ្វើឱ្យអ្នករៀបចំកម្មវិធីមានទំនុកចិត្តក្នុងការជ្រើសរើស។
ទី២. ប្រជាប្រិយភាព
កីឡាករដែលមានអ្នកគាំទ្រច្រើន តែងតែមានឱកាសខ្ពស់ក្នុងការប្រកួត ព្រោះវាជួយទាក់ទាញអ្នកទស្សនា និងបង្កើនតម្លៃកម្មវិធី។ ប្រជាប្រិយភាពមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែកើតចេញពីសមត្ថភាព អត្តចរិតល្អ ភាពគោរពវិន័យ និងការរួសរាយរាក់ទាក់ជាមួយអ្នកគាំទ្រ។
ទី៣. ទំនាក់ទំនងវិជ្ជាជីវៈរបស់ប្រធានក្លឹប ឬគ្រូបង្វឹក
ការមានទំនាក់ទំនងការងារល្អជាមួយអ្នកចាប់គូ ឬម្ចាស់កម្មវិធី ក៏ជាកត្តាសំខាន់មួយដែរ។ ក្នុងវិស័យណាក៏ដោយ ទំនាក់ទំនងវិជ្ជាជីវៈដែលកើតឡើងពីការជឿទុកចិត្ត ការទទួលខុសត្រូវលើការងារ ការគោរពគ្នា និងការសហការល្អ គឺជារឿងធម្មតា។
បងប្អូនអ្នកគាំទ្រមួយចំនួន ចាត់ទុកករណីនេះថាជា “បក្សពួកនិយម” ឬ “អំពើពុករលួយ”។ ប៉ុន្តែតាមការយល់ឃើញរបស់ខ្ញុំ យើងគួរប្រើពាក្យទាំងនេះដោយប្រុងប្រយ័ត្ន។
បក្សពួកនិយម គួរតែសំដៅលើករណីដែលមានការផ្តល់អាទិភាពដោយសារជាសាច់ញាតិ ឬមានទំនាក់ទំនងផ្ទាល់ខ្លួន ដោយមិនគិតពីសមត្ថភាព។
អំពើពុករលួយ គឺជាករណីដែលមានការសូកប៉ាន់ ឬផ្តល់ផលប្រយោជន៍មិនស្របច្បាប់ ដើម្បីទទួលបានឱកាសប្រកួត។
តាមអ្វីដែលខ្ញុំបានដឹង និងសង្កេតឃើញ បច្ចុប្បន្នករណីបែបនេះមានតិចណាស់ ឬអាចថាស្ទើរតែមិនមានផង (បើមានសូមរាយការណ៍មកសហព័ន្ធ)។ ដូច្នេះ យើងមិនគួរសន្និដ្ឋាន ឬចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ឡើយ ព្រោះវាអាចប៉ះពាល់ដល់កិត្តិយសរបស់បុគ្គល និងស្ថាប័នពាក់ព័ន្ធ។
ម្យ៉ាងវិញទៀត កន្លងមកក៏មានករណីមួយចំនួនដែលកីឡាករទទួលបានឱកាសឡើងប្រកួតហើយ ប៉ុន្តែមិនអាចរក្សាឱកាសនោះបានដោយសារហេតុផលផ្ទាល់ខ្លួន។ ឧទាហរណ៍ ការមិនគោរពវិន័យ ការមិនគោរពពេលវេលា ការមិនអាចធ្វើទម្ងន់ (គីឡូ) ត្រឹមត្រូវតាមលក្ខខណ្ឌ ឬការប្រកួតដែលមិនបង្ហាញអស់ពីសមត្ថភាព។ កត្តាទាំងនេះសុទ្ធតែប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នករៀបចំកម្មវិធី និងអាចធ្វើឱ្យកីឡាករបាត់បង់ឱកាសសម្រាប់ការប្រកួតលើកក្រោយ។
ជាមួយគ្នានេះដែរ ខ្ញុំយល់ថា ពេលខ្លះយើងក៏មិនគួរបន្ទោសអ្នកចាប់គូរបស់ស្ថាប័នម្ចាស់កម្មវិធីទាំងស្រុងដែរ។ អ្នកចាប់គូគឺជាអ្នកបំពេញការងារតាមគោលដៅរបស់ម្ចាស់កម្មវិធី និងម្ចាស់ឧបត្ថម្ភ។ ពួកគាត់មានភារកិច្ចរៀបចំការប្រកួតឱ្យមានគុណភាព ជក់ចិត្ត ទាក់ទាញអ្នកគាំទ្រ និងធានាឱ្យកម្មវិធីមានអ្នកទស្សនាច្រើន ទាំងនៅទីលានប្រកួត តាមកញ្ចក់ទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយផ្សេងៗ។ ដូច្នេះ ពួកគាត់ត្រូវជ្រើសរើសកីឡាករដែលអាចធានាបាននូវគុណភាពនៃការប្រកួត និងការចាប់អារម្មណ៍ពីទស្សនិកជន។
ដូច្នេះ ការជ្រើសរើសកីឡាករមិនមែនពឹងផ្អែកលើសមត្ថភាពតែមួយមុខនោះទេ ប៉ុន្តែក៏ពឹងផ្អែកលើវិន័យ វិជ្ជាជីវៈ ភាពទទួលខុសត្រូវ ប្រជាប្រិយភាព និងទំនុកចិត្តដែលកីឡាករបានកសាងជាមួយអ្នករៀបចំកម្មវិធីផងដែរ។
ជាជាងការត្អូញត្អែរ ឬចោទប្រកាន់គ្នា ខ្ញុំសូមលើកទឹកចិត្តឱ្យក្លឹប គ្រូបង្វឹក និងកីឡាករទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព កសាងវិន័យ បង្កើនប្រជាប្រិយភាព និងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈជាមួយដៃគូពាក់ព័ន្ធ។ នៅពេលយើងមានគុណភាព មានទំនួលខុសត្រូវ និងមានការជឿទុកចិត្ត ឱកាសនឹងកើតមានកាន់តែច្រើន។
នៅទីបញ្ចប់ គោលដៅរួមរបស់យើង មិនមែនត្រឹមតែចង់ឱ្យកីឡាករម្នាក់ៗបានឡើងប្រកួតប៉ុណ្ណោះទេ ប៉ុន្តែគឺការរួមគ្នាកសាងវិស័យគុនខ្មែរ ឱ្យកាន់តែមានគុណភាព តម្លាភាព ភាពយុត្តិធម៌ និងរីកចម្រើនប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍រួមដល់កីឡាករ ក្លឹប ស្ថានីយ និងវិស័យគុនខ្មែរទាំងមូល។