កំពង់ស្ពឺ ៖ នារសៀលថ្ងៃច័ន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សៀលនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានចុះពិនិត្យ និងតាមដានការដោះស្រាយបញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ស្ថិតនៅភូមិទួលថ្មី ឃុំយាយអង្គ ស្រុកថ្ពង ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរកសិកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន ព្រមទាំងមេឃុំ និងមេភូមិ។
បញ្ហាកសិដ្ឋានចិញ្ចឹមជ្រូកនេះ ត្រូវបានលើកឡើងជាការព្រួយបារម្ភ ហើយបានលើកជាសំណើសុំអន្តរាគមន៍ ក្នុងបេសកកម្ម ៨៨ឃុំ សង្កាត់ នៅឃុំយាយអង្គ ហើយបន្ទាប់មកប្រជាពលរដ្ឋបានដាក់បណ្តឹងតាមរយៈមេភូមិ និងមេឃុំ ជុំវិញផលប៉ះពាល់ដែលបង្កឡើងដោយកសិដ្ឋាននេះ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ស្រែចម្ការនៅជុំវិញ និងបរិស្ថានធម្មជាតិ ជាពិសេសបញ្ហាក្លិនមិនល្អ ការបញ្ចេញសំណល់ និងទឹកកខ្វក់ ដោយគ្មានប្រព័ន្ធអាងចម្រោះត្រឹមត្រូវ។
ក្រោយទទួលបានសំណើ ក្រុមការងារបានចុះពិនិត្យ និងរកឃើញថា ក្រៅពីផលប៉ះពាល់ជាក់ស្តែងខាងលើ កសិដ្ឋាននេះក៏បានដំណើរការអាជីវកម្មដោយមិនទាន់មានលិខិតអនុញ្ញាតត្រឹមត្រូវពាក់ព័ន្ធនឹងសំណង់ បរិស្ថាន និងកសិកម្មផងដែរ។ ក្រុមការងារបានធ្វើការជាបន្តបន្ទាប់ជាមួយភាគីកសិដ្ឋាន ដោយកំណត់ឱ្យដឹកជញ្ជូនសត្វជ្រូកដែលមានចំនួនប្រមាណ ៣.៥០០ក្បាល ចេញពីកសិដ្ឋានឱ្យបានត្រឹមថ្ងៃទី១០ វិច្ឆិកា ២០២៦ នេះ។
លោកឧបនាយករដ្ឋមន្ត្រី យល់ពីស្ថានភាព និងការលំបាកដែលកសិដ្ឋានត្រូវដោះស្រាយ ក៏ប៉ុន្តែសុខភាព សុខុមាលភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បង។
ជារួម យើងស្វាគមន៍ និងលើកទឹកចិត្តដល់រាល់ការវិនិយោគ តែការវិនិយោគនេះទៀតសោតត្រូវតែគោរពតាមច្បាប់ និងនីតិវិធីពាក់ព័ន្ធ ជាពិសេសការគាំទ្រ និងទទួលយកពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងសហគមន៍ និងនាំមកនូវការអភិវឌ្ឍពិតប្រាកដ។




