ខេត្តកណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បាន Commet ឆ្លើយតបទៅនឹងការចុះផ្សាយក្នុងFacebook Page មួយ បញ្ហាផ្លូវពិបាកធ្វើដំណើរនៅក្នុងក្រុងតាខ្មៅ ជាការដាក់លូប្រព័ន្ធចម្រោះទឹកកខ្វក់ និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត របស់រដ្ឋាករទឹកស្វយ័ត សម្រាប់ប្រើប្រាស់ក្នុងក្រុងតាខ្មៅ មិនមែនជាការខូចផ្លូវឡើយ។
នេះជាការបញ្ជាក់ និងឆ្លើយតបរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ទៅនឹងការចុះផ្សាយរបស់ Facebook Page មួយ ដែលបានរិះគន់ប្រព័ន្ធនឹងបញ្ហាផ្លូវខូចក្នុងក្រុងតាខ្មៅ ដែលមានខ្លឹមសារដូចខាងក្រោម៖ “នេះជាការដ្ឋាន ជីកដាក់លូ មិនមែនផ្លូវខូច ហើយក៍ មិនមែនជីកលេងដែរ មានកម្មវិធីការងារជាក់ស្តែង”។
សូមបញ្ជាក់ផងដែរថា ប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជាប្រព័ន្ធញែកដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមានការងារសាងសង់ធំៗចំនួន២ រួមមានគឺ១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់។ គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។
ប្រភព៖ រដ្ឋបាលខេត្តកណ្តាល





