ខេត្តមណ្ឌលគិរី ៖ ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការចាំបាច់ និងសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី បានចុះធ្វើកិច្ចអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវ ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សូមជម្រាបថា ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដំឡើងម៉ាស៊ីនបូមទឹកទំហំ ៦៥សេះ ចំនួន ០១គ្រឿង ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវប្រាំង/ចុងរដូវ សរុបចំនួន ២.៤៩០ហិកតា (ស្មើនឹង ៥៨៦គ្រួសារ) ក្នុងនោះរួមមាន៖ ផ្ទៃដីក្នុងប្រព័ន្ធស្រោចស្រពចំនួន ១.១៦៦ហិកតា (៣៥១គ្រួសារ) និងក្រៅប្រព័ន្ធស្រោចស្រពចំនួន ១.៣២៤ហិកតា (២៣៥គ្រួសារ)។ គិតត្រឹមពេលនេះ កិច្ចអន្តរាគមន៍បូមទឹកសម្រេចបានប្រមាណ ១០ភាគរយហើយ។
បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី រួមជាមួយអាជ្ញាធរមូលដ្ឋាន កំពុងបន្តតាមដានស្ថានភាពប្រភពទឹក និងដំណើរការបូមទឹកអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឱ្យដំណាំស្រូវរបស់ប្រជាកសិករទទួលបានទឹកស្រោចស្រពគ្រប់គ្រាន់ និងជៀសវាងការខូចខាត៕




