ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែចេត្រ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងនៃស្នងការដ្ឋាន ទទួលស្វាគមន៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរដល់កម្លាំង នៃស្នងការនគរបាលខេត្តកណ្ដាល ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបង្ការ ការពារ និងទប់ស្កាត់រាល់បទល្មើសនានាដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ដើម្បីធានានូវសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងរបៀបរៀបរយនៅទូទាំងខេត្តកណ្ដាលនាពេលកន្លងមក។
ឯកឧត្តមអភិបាលខេត្ត បន្តថា៖ នៅពេលដែលប្រជាពលរដ្ឋធ្វើការ យើងទាំងអស់គ្នាជាកងកម្លាំងក៏ធ្វើការដែរ តែនៅពេលមានថ្ងៃឈប់សម្រាក ឬពិធីបុណ្យធំៗ ប្រជាពលរដ្ឋឈប់សម្រាក យើងទាំងអស់គ្នាជាកូនកម្លាំងកាន់តែធ្វើការលើសទ្វេដង ពិសេសនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលមានផ្លូវឆ្លងកាត់ដោយតភ្ជាប់ពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនានា ដូច្នេះយើងទាំងអស់គ្នាជាកងកម្លាំង ត្រូវតែបំពេញភារកិច្ចសម្រួលនូវលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋនៅតាមគោលដៅដែលងាយកកស្ទះ ដើម្បីជួយសម្រួលនិងបញ្ចៀសនូវការកកស្ទះចរាចរណ៍ ក្នុងឱកាសដែលពួកគាត់អញ្ជើញទៅស្រុកកំណើតនាពេលបុណ្យចូលឆ្នាំថ្មីនេះ និងពេលដែលពួកគាត់ត្រឡប់មកវិញពេលចប់ពិធីបុណ្យចូលឆ្នាំ។
ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភនូវថវិកាចំនួន៤០,០០០,០០០រៀល ទុកសុទ្ធ៣០០កេស ភេសជ្ជៈ១០០កេស និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ផងដែរ។





