ខេត្តកំពង់ស្ពឺ៖ នាថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារសារព័ត៌មានជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន (Japan ODA Press Tour) ធ្វើទស្សនកិច្ចសិក្សាអនុគម្រោងរលាំងជ្រៃ នៃ «គម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ» ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងសហគមន៍កសិករប្រើប្រាស់ទឹក ព្រមទាំងអ្នកយកព័ត៌មានមកពីបណ្តាញព័ត៌មានល្បីៗ រួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក), ទូរទស្សន៍អប្សរា, ទូរទស្សន៍ហង្សមាស, កាសែតកោះសន្តិភាព, Fresh News និងKhmer Times។
ឯកឧត្ដមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ទស្សនកិច្ចសិក្សានៅអនុគម្រោងរលាំងជ្រៃនាពេលនេះ គឺធ្វើឡើងដើម្បីសិក្សាស្រាវជ្រាវស៊ីជម្រៅអំពីសមិទ្ធផលរបស់គម្រោង ដែលទទួលបានឥណទានសម្បទានពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន (Japan ODA) ក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង-បែងចែកទឹក និងការថែទាំសំណង់ប្រកបដោយនិរន្តរភាព ព្រមទាំងជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍កសិករប្រើប្រាស់ទឹក នៃអនុគម្រោងរលាំងជ្រៃ ដើម្បីវាយតម្លៃអំពីផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាកសិករ៕


