ភ្នំពេញ ៖ សំណល់ប្លាស្ទិក ក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និង កខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។
សព្វថ្ងៃ ការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាកំហុក គិតចាប់តំាងពីការនាំចូលប្លាស្ទិកមក ប្រទេសកម្ពុជាជាង ២៥ឆ្នាំមុន។ បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០ លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២, ០០០ ថង់ក្នុងមួយឆ្នាំ។ នៅក្នុងប្រទេសកម្ពុជា បើតាមរបាយការណ៍របស់អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora International) ឆ្នាំ ២០១៩ ប្រជាពលរដ្ឋរស់នៅតាមតំបន់ឆ្នេរ ក្នុងមួយខ្នងផ្ទះប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមចំនួន១២ថង់ ក្នុងមួយថ្ងៃ ហើយបរិមាណសំណល់ប្លាស្ទិកប្រមាណជា ៤៨% ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រ។ កំណើនបរិមាណសំណល់ប្លាស្ទិក បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន ជីវជម្រុះ សុខភាពមនុស្ស និងសេដ្ឋកិច្ចជាតិ។
នេះបើយោងតាមការបញ្ជាក់របស់ ក្រសួងបរិស្ថាន។
ដោយឡែក នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៨ និង០០នាទីព្រឹក បានរៀបចំសិក្ខាសាលាលើកកម្ពស់ការយល់ដឹង ស្តីពីការគ្រប់គ្រងសំណល់អាហារ និងការប្រើប្រាស់ប្លាស្ទិកប្រើតែម្តង។
ក្រោមអធិបតីភាព លោក ប៉ាង លីដា អភិបាលរងខណ្ឌ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ
លោកបណ្ឌិត កែវ វ៉ាន់ធឿន អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន។ ដោយមានសិក្ខាកាមអញ្ជើញចូលរួមសរុបចំនួន២៧នាក់។










