កីឡា៖ លោក ម៉ុល នី ប្រធានរៀបចំកម្មវិធីប្រកួតប្រដាល់នៅ TVK ថ្ងៃនេះ សូមហែកកេរ្តិ៍និយាយរឿងចាប់គូរវាង ពេជ្រ សម្បត្តិ និង ធន់ ម៉េងហុង បន្តិចចុះថាយើងបានរៀបចំមកបែបណា។ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ យើងបានជួបប្រជុំជាមួយគ្រូៗទាំង៣ក្លិបមានលោកគ្រូ ពេជ្រ សុផាន់ , លោកគ្រូ ធន់ សុភា និងលោកគ្រូ សេន ប៊ុនថេន ព្រមទាំងអ្នកតំណាងរបស់ដៃគូសហការរបស់ក្រុមហ៊ុន « វឌ្ឍនៈ » ដើម្បីជជែកពីការរៀបចំការប្រកួតកម្មវិធី « THE BATTLE OF THREE KINGDOMES » ។
ជួបគ្នាថ្ងៃខែឆ្នាំខាងលើហើយ ដល់ថ្ងៃទី១៤ ខែកុម្ភៈ យើងក៏បានជួបជជែកគ្នាម្ដងទៀតរវាងគ្រូៗ ទាំង៣ក្លិប និងដៃគូសហការរបស់យើងនៅទីតាំងមួយកន្លែង។
បន្ទាប់ពីជជែកអស់រយៈពេលប៉ុន្មានមក និងបានយល់ពីកម្មវិធី ហើយឈានដល់ការព្រមព្រៀងគ្នា (មានទាំងធ្វើកិច្ចសន្យាព្រមព្រៀង) ដើម្បីចូលរួមក្នុងកម្មវិធី « THE BATTLE OF THREE KINGDOMES » ។ ឈានចូលដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ យើងក៏បានទៅជួបសហព័ន្ធប្រដាល់គុនខ្មែរទាំងអស់គ្នា ដើម្បីឲ្យសហព័ន្ធបានដឹងឮថា «ការប្រកួតកម្មវិធីខាងលើនឹងមានគូណាខ្លះប៉ះគ្នា ហើយកីឡាករណាខ្លះត្រូវជួបកីឡាករណាខ្លះក្នុងនោះក៏បានសរសេរយ៉ាងច្បាស់ថា ម៉េងហុង និងប៉ះ សម្បត្តិ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦» និងជួយតម្រង់ទិសអោយការប្រព្រឹត្តិទៅដោយរលូន ។ ត្រង់ចំណុចខ្ញុំមិនយល់ថា បើសិន ម៉េងហុង មានឈ្មោះប្រកួតនៅស្ថានីយផ្សេងដូចដែលស្ថានីយផ្សេងនោះបានលើកឡើងមែន!!!!!! ហេតុអ្វីសហព័ន្ធមិនផ្តល់ដំណឹងមកខាងស្ថានីយទទក ឬម្ចាស់កម្មវិធីឲ្យបានដឹងផងនៅថ្ងៃដែលទៅជួប (ទី២៤ ខែមេសា ឆ្នាំ២០២៦ ) ហេតុអីដឹងឮហើយបណ្ដោយឲ្យកម្មវិធីបន្តអូសបន្លាយរហូតដល់កៀកថ្ងៃប្រកាសគូរប្រកួត ស្រាប់តែចេញឈ្មោះមកជាន់កម្មវិធីគ្នាបែបនេះ(កៀកថ្ងៃប្រកួតពេក) ។ មកពីសហព័ន្ធមិនបានអានលម្អិតឬយ៉ាងណា ឬយល់ថាការងារពួកខ្ញុំមិនសំខាន់….???
ជារួមគិតចាប់ពីថ្ងៃផ្គូផ្គង និងរៀបចំវិធីខាងលើយើងបានជួបជជែកប្រជុំគ្នាជាមួយគ្រូៗ របស់ក្លឹបទាំង៣មិនក្រោម៣លើក ដោយគិតចាប់ពីថ្ងៃជួបប្រជុំលើកទី១នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បើគិតទៅទម្រាំមកដល់ថ្ងៃប្រកួតវាមានរយៈពេលចូលល្បាក់៣ខែដែរ។
