ខេត្តកំពត៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកម្លាំងចម្រុះ រួមមាន ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សាខាគយនិងរដ្ឋាករ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) មន្ទីរពាណិជ្ជកម្មខេត្ត និងតំណាងអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបជាក់ស្តែងនូវទីតាំងសិប្បកម្មវេចខ្ចប់ស្ករសខុសច្បាប់មួយកន្លែង ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះ បានរកឃើញ ភស្តុតាង នៃ សកម្មភាពល្មើសច្បាប់ ដោយ ម្ចាស់ទីតាំងបានលួចបន្លំផ្លាស់ប្តូរ សំបក បាវស្ករ ស
ដែលមានអក្សរថៃ ដែលជាប្រភពដើម មកច្រក ក្នុងសំបកបាវថ្មី ដែលមានអក្សរ វៀតណាម វិញ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបន្លំប្រភពទំនិញនៅលើទីផ្សារ។
ជុំវិញករណីនេះ ឯកឧត្តម ម៉ៅ ធនិន បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់បំផុតដោយគ្មានការលើកលែងឡើយ ដោយក្នុងនោះឯកឧត្តមបានបង្គាប់ឱ្យម្ចាស់សិប្បកម្មត្រូវទូទាត់ប្រាក់ឈ្នួលជូនកម្មករឱ្យបានគ្រប់ចំនួន រួចធ្វើកំណត់ហេតុអនុញ្ញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ។
ទន្ទឹមនឹងនោះ សមត្ថកិច្ចក៏បានហៅអ្នកដែលមកទិញស្ករសនៅទីតាំងខាងលើ និងអ្នកពាក់ព័ន្ធដទៃទៀត មកធ្វើកំណត់ហេតុបំភ្លឺ ដើម្បីបន្តស្រាវជ្រាវស្វែងរកខ្សែរយៈពាក់ព័ន្ធផ្សេងៗទៀត។
បច្ចុប្បន្ន កម្លាំងជំនាញចម្រុះកំពុងសហការយ៉ាងជិតស្និទ្ធជាមួយតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តកសាងសំណុំរឿង និងធ្វើកំណត់ហេតុឱ្យបានច្បាស់លាស់ ក្នុងគោលបំណងស្វែងរកម្ចាស់ទីតាំងពិតប្រាកដ និងអ្នកពាក់ព័ន្ធ ដើម្បីចាត់វិធានការបញ្ជូនទៅតាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ៕











