ខេត្តកោះកុង៖ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) សហការជាមួយលោក ឡុច ភិរ័ក្ស នាយករងសាខា លោក ជួន ភារ៉េត អភិបាលរងស្រុកមណ្ឌលសីមា ដឹកនាំក្រុមការងារ បានចុះសួរសុខទុក្ខ និងសាកសួរអំពីស្ថានភាពប្រជានេសាទខ្មែរ ដែលត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ក្នុងអំឡុងពេលប្រកបរបរនេសាទនៅតំបន់សមុទ្រ រួចបញ្ជូនមកវិញតាមការសម្របសម្រួលរបស់រដ្ឋបាលខេត្តកោះកុង ។
ក្នុងឱកាសចុះជួបសំណេះសំណាល គណៈប្រតិភូបានសាកសួរអំពីសុខភាព សុវត្ថិភាព ស្ថានភាពរស់នៅ និងបទពិសោធន៍របស់អ្នកនេសាទក្នុងអំឡុងពេលត្រូវបានឃាត់ខ្លួន ព្រមទាំងបានស្តាប់ពីបញ្ហាប្រឈម និងតម្រូវការនានារបស់ពួកគេ។
ការចុះសួរសុខទុក្ខនេះ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់ផ្នែកមនុស្សធម៌ ដើម្បីស្វែងយល់ពីស្ថានភាព និងតម្រូវការរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងចូលរួមលើកកម្ពស់ការការពារ និងជំនួយមនុស្សធម៌ស្របតាមគោលការណ៍របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ។





