ភ្នំពេញ៖ ដោយទទួលបានបទបញ្ជា និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅវេលាម៉ោង ២១ និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនរគរបាលជាតិ ទទួលបន្ទុកផែននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងក្រោមការរដឹកនាំសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង លោកស្រី ស៊ូ សុជាតា និងការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងឡោមព័ទ្ធទីតាំងហាងបារពីរកន្លែង យីហោ «អូអេស៊ីស និងស្វីតឡេម៉ុន» មានទីតាំងស្ថិតនៅផ្លូវលេខ១៣៦សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន (ពេស្យាចារកុមារ)។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដោយឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ (អនីតិជន១១ នាក់) មានជនសង្ស័យចំនួន ០១នាក់ ដើម្បីធ្វើការសាកសួរ និងកំណត់អត្តសញ្ញាណ។
បច្ចុប្បន្ន ជនរងគ្រោះជាអនីតិជន និងនីតិជន ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាកសួរបន្តនីតិវិធីផ្លូវច្បាប់ មុនពេលបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីទទួលបានការការពារ និងកិច្ចគាំទ្រនានាស្របតាមផ្លូវច្បាប់។ ចំណែកជនពាក់ព័ន្ធ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីតាមច្បាប់ មុនបញ្ជូនទៅតុលាដើម្បីបន្តនីតិវិធី។
អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន សូមក្រើនរំលឹកដល់ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមអនុវត្តច្បាប់ និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់អនីតិជនក្នុងគ្រប់ទម្រង់នៃកេងប្រវ័ញ្ចផ្លូវភេទ និងការងារធ្ងន់ធ្ងរឡើយ។
សកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើអនីតិជន នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាព និងអនាគតរបស់កុមារកម្ពុជាអនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។
សូមរាយការណ៍មកលេខទូរស័ព្ទទាន់ហេតុការណ៍ 1288 ក្នុងករណីសង្ស័យមានអំពើកេងប្រវ័ញ្ចគ្រប់ទម្រង់លើអនីតិជន។












