ភ្នំពេញ៖ នៅពេលព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សាលាអនុគណខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយរដ្ឋបាលសង្កាត់ចោមចៅទី៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ រដ្ឋបាលសង្កាត់សំរោងក្រោម ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម រដ្ឋបាលសង្កាត់ត្រពាំងក្រសាំងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានឃាត់ខ្លួន ជនក្លែងបន្លំ ភេទ ជាបព្វជិតចំនួន ៩នាក់ ដែលឈរបិណ្ឌបាត្រ នៅខាងមុខរោងចក្រ ក្នុងមូលដ្ឋានខាងលើ។
បន្ទាប់ពីបានឃាត់ខ្លួនរួច ព្រះមន្ត្រីសង្ឃ និងអជ្ញាធរដែនដី ដែលមានសមត្ថកិច្ច បានបញ្ជូនបុគ្គលទាំង៩នាក់ យកទៅសួរនាំនៅក្នុងវត្តត្រពាំងឈូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំពោះជនក្លែងបន្លំភេទ ជាបព្វជិតទាំង៩នាក់ខាងលើ សាលាអនុគណបានប្រគល់ជូនសមត្ថកិច្ចដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់។












