ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃទីតាំងចាក់ថ្មតាមបណ្ដោយមាត់ទឹកទន្លេមេគង្គ ដែលស្ថិតនៅក្នុងភូមិព្រែកដូនហែម សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
សកម្មភាពចុះពិនិត្យនេះ មានការចូលរួមសហការពីតំណាងរដ្ឋបាលក្រុងអរិយក្សត្រ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល រដ្ឋបាលសង្កាត់ព្រែកអំពិល និងតំណាងម្ចាស់សំណង់ផ្ទាល់។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅទីតាំងខាងលើ ដោយពិនិត្យឃើញថា ការចាក់បំពេញថ្មតាមបណ្ដោយមាត់ទន្លេមេគង្គនេះ គឺក្នុងគោលបំណងដើម្បីទប់ច្រាំង និងកែលម្អច្រាំងបន្ថែម សំដៅការពារការបាក់ស្រុតដី ដែលបច្ចុប្បន្នកំពុងមានសភាពបាក់ស្រុត។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់ការណែនាំ និងតម្រូវឱ្យម្ចាស់ដី ផ្អាកសកម្មភាពចាក់ថ្ម បន្ថែមជាបណ្តោះអាសន្ន។ ជាមួយគ្នានោះ ឯកឧត្តម បានណែនាំឱ្យម្ចាស់ដី រៀបចំលិខិតស្នើសុំការអនុញ្ញាតផ្នែកជលសាស្ត្រ និងបច្ចេកទេសការពារច្រាំង ពីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលខេត្តកណ្ដាល ឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីជាធរមាន មុននឹងបន្តអនុវត្តសកម្មភាពនេះ៕









