កីឡា៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជាក់ថា ព្រឹត្តិការណ៍ Best of the Best Kun Khmer Fight Night in Sydney ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ និងបានបង្ហាញពីសក្តានុពលដ៏អស្ចារ្យរបស់គុនខ្មែរ ទាំងលើផ្នែកបច្ចេកទេស ការគាំទ្រពីមហាជន និងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។
* លទ្ធផលបច្ចេកទេស
ក្រុមកីឡាករគុនខ្មែរ សម្រេចបានលទ្ធផល ឈ្នះ ៣ ប្រកួត និងចាញ់ ២ ប្រកួត ក្នុងនោះ ផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន ២ នាក់។
១- កីឡាការិនី ទូច ចាន់វត្តី ចាញ់ពិន្ទុ កីឡាការិនីអូស្ត្រាលី
២- កីឡាករ ពេជ្រ អទិទេព ឈ្នះដោយផ្តួល កីឡាករអាហ្វហ្គានីស្ថាន-អូស្ត្រាលី បោះបង់ការប្រកួតទឹក១
៣- កីឡាករ បឺត សង្ឃឹម ឈ្នះពិន្ទុ កីឡាករអាហ្វហ្គានីស្ថាន-អូស្ត្រាលី
៤- កីឡាករ ឡុង សំណាង មិនបានប្រកួត ដោយកីឡាករថៃ-អូស្ត្រាលី ធ្វើគីឡូមិនបានតាមការកំណត់
៥- កីឡាករ គីម វាសនា ចាញ់ កីឡាករអូស្ត្រាលី ដោយបោះបង់ការប្រកួតទឹក៤
*និងជាពិសេស ទី៦- កីឡាករ ពេជ្រ សម្បត្តិ បានផ្តួលកីឡាករថៃ-អូស្ត្រាលី ឱ្យបោះបង់ការប្រកួតនៅទឹកទី២
ដោយបង្ហាញពីសមត្ថភាព បច្ចេកទេស និងស្មារតីប្រយុទ្ធដ៏រឹងមាំរបស់អ្នកប្រយុទ្ធគុនខ្មែរ។
* ការគាំទ្រពីទស្សនិកជន
ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនខ្មែររស់នៅទីក្រុងស៊ីដនី ក៏ដូចជាទស្សនិកជនអន្តរជាតិចម្រុះជាតិសាសន៍។ មតិជាច្រើនបានកោតសរសើរថា គុនខ្មែរ ពិតជាអស្ចារ្យ ហើយកីឡាករខ្មែរបានបង្ហាញនូវថាមពល ភាពក្លាហាន វិន័យ និងឆន្ទៈមោះមុត ដែលបានធ្វើអោយអ្នកទស្សនាជក់ចិត្ត រន្ធត់ រំភើប រីករាយ និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះគុនខ្មែរ។
* លើកស្ទួយកិត្យានុភាពជាតិ
អ្វីដែលគួរឱ្យមានមោទនភាពជាងគេលទ្ធផលប្រកួត គឺការដែលក្រុមគុនខ្មែរបានបង្ហាញនូវភាពថ្លៃថ្នូរ ភាពចាស់ទុំ វិន័យវិជ្ជាជីវៈ ការគោរពបទបញ្ជាប្រកួត និងច្បាប់អន្តរជាតិ ព្រមទាំងការប្រកួតប្រជែងដោយស្មារតីកីឡា។ ទាំងនេះបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ប្រជាជាតិខ្មែរ ដែលផ្តល់តម្លៃដល់ការគោរពគ្នាទៅវិញទៅមក សន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិអន្តរជាតិ។ ផ្ទុយពីជាតិសាសន៍លេខ២ ដែលមិនបានគោរពលក្ខខណ្ឌប្រកួត បង្ហាញអាកប្បកិរិយាមិនសមរម្យ ការរំខានដល់ដំណើរការកម្មវិធី និងការប្រព្រឹត្តអំពើហិង្សាលើអ្នកចូលរួម ដែលជាទង្វើមិនស្របនឹងស្មារតីកីឡា និងខុសច្បាប់។ មហាជនគាំទ្រកីឡាប្រយុទ្ធជាតិ និងអន្តរជាតិបានឃើញច្បាស់ពីទង្វើថោកទាបរបស់ជាតិសាសន៍នោះហើយ ទុកអោយគេវាយតម្លៃតាមទិដ្ឋភាពនោះចុះ។
* ការពង្រីកវិសាលភាពគុនខ្មែរលើឆាកអន្តរជាតិ
បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍ដ៏ជោគជ័យ ក្លឹបគុនខ្មែរចំនួន៣ (២ក្លឹបនៅមែលប៊ន ១ក្លឹបនៅស៊ីដនី) ក៏នឹងត្រៀមបង្កើតឡើងដើម្បីផ្តល់ជាមជ្ឈមណ្ឌលហ្វឹកហាត់និងបណ្តុះបណ្តាលកូនចៅខ្មែររស់នៅប្រទេសអូស្ត្រាលី និងជនជាតិអូស្ត្រាលីនានា បានមកសិក្សាស្វែងយល់ និងហ្វឹកហាត់គុនខ្មែរ ដែលជាសិល្បៈក្បាច់គុនបុរាណដ៏ចំណាស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះដែរ សហព័ន្ធគុនខ្មែរអន្តរជាតិ ក៏បានទំនាក់ទំនង និងមានការគាំទ្រពីអាជ្ញាធរកីឡាអូស្ត្រាលី ក្នុងការរៀបចំបង្កើតសហព័ន្ធគុនខ្មែរប្រចាំប្រទេសអូស្ត្រាលី នាពេលឆាប់ៗខាងមុខនេះផងដែរ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មការរៀបចំ ដៃគូសហការ ក្រុមការងារ គ្រូបង្វឹក កីឡាករ កីឡាការិនី និងជាពិសេសបងប្អូនខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាជោគជ័យដ៏ធំធេង។
គុនខ្មែរ មិនត្រឹមតែឈ្នះនៅលើសង្វៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈ្នះការគោរព ការទទួលស្គាល់ និងមិត្តភាពពីសហគមន៍អន្តរជាតិផងដែរ។