![]()
ភ្នំពេញ ៖ លោក នុត សវនា ប្រធានមណ្ឌលអប់រំកែប្រែទី១ បញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ របស់ លោក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា ៖ ដើម្បីបញ្ជាក់ភាពស្អាតស្អំ និងតម្លាភាព ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការលួចប្រើប្រាស់ គ្រឿងញៀន ក្នុងពន្ធនាគារ។
មណ្ឌលអប់រំកែប្រែទី១ បានអនុញ្ញាតឲ្យក្រុមការងារចម្រុះចុះធ្វើតេស្ត រកសារធាតុ ញៀន ដោយមិនជូនដំណឹងជាមុន និងដើររើសដោយផ្ទាល់ តាមការចង់បាន ដោយឯករាជ្យ របស់ក្រុមការងារចម្រុះ។
ជាលទ្ធផល ក្នុងចំណោមជនជាប់ឃុំ បទល្មើស គ្រឿងញៀន ចំនួន ២២០នាក់ និងមន្ត្រីអនុរក្ស២៩នាក់ សរុប២៤៩នាក់ គឺអវិជ្ជមានទាំងអស់។
ប្រធានមណ្ឌលអប់រំកែប្រែទី១ បញ្ជាក់បន្ថែមថា ក្នុងនាម ថ្នាក់ដឹកនាំ មួយរូប នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ខ្ញុំសូមជម្រុញ លើកទឹកចិត្ត និងគាំទ្រឲ្យក្រុមការងារចម្រុះអនុវត្តគោលការណ៍នេះ ឲ្យបានទូលំទូលាយដូចៗគ្នា នៅគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត តាមលំនាំមណ្ឌលអប់រំកែប្រែទី១ ដែរ។






