ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់រាជធានី បានសម្រេចប្រកាសកំណត់តំបន់វិនិច្ឆ័យ ចាប់ផ្តើមដំណើរការការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចុះបញ្ជីផ្ទះល្វែង (ចំណែកឯកជននៃអគារសហកម្មសិទ្ធិ) ដែលត្រូវបានសាងសង់មុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ នៅក្នុងមូលដ្ឋានរដ្ឋបាលដែនដី ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ជាប្រតិបត្តិករ សហការជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានប្រារព្ធធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យជាផ្លូវការកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណពហុកីឡាដ្ឋានស្តាតអូឡាំពិក នាពេលកន្លងមកនេះ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ សូមបញ្ជាក់ជូនសាធារណៈជនឱ្យបានជ្រាបថា ក្បាលដីនិងលំនៅដ្ឋានស្ទើរទាំងអស់នៅក្នុងភូមិសាស្ត្រខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលត្រូវបានសាងសង់តាំងពីសម័យមុនឆ្នាំ១៩៧៩ និងមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ មានលក្ខណៈជាអគារនិងផ្ទះល្វែងដែលមានម្ចាស់កម្មសិទ្ធិកាន់កាប់ច្រើនផ្តុំគ្នាតាមជាន់នីមួយៗនៃអគារឬផ្ទះល្វែងតែមួយ ដែលមានលក្ខណៈជាអគារសហកម្មសិទ្ធិ ហើយមានលក្ខណៈស្មុគស្មាញ ដែលតម្រូវឱ្យមានការបង្កើតក្របខណ្ឌបច្ចេកទេស និង នីតិវិធីដាច់ដោយឡែក រួមទាំងការគាំទ្រលើការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីជំនាញ ការបំពាក់ប្រព័ន្ធបច្ចេកវិទ្យា និងឧបករណ៍សម្ភារៈចាំបាច់នានា ដើម្បីអាចអនុវត្តដំណើរការចុះបញ្ជីចេញប័ណ្ណកម្មសិទ្ធិជូនកម្មសិទ្ធិករទាំងអស់ឱ្យបានសមស្រប តាមការកាន់កាប់ជាក់ស្តែង បន្ទាប់ពីការទន្ទឹងរង់ចាំរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌ៧មករា នាពេលកន្លងមកនេះ។
ស្របតាមទិសដៅជម្រុញ “ការចុះបញ្ជីដីបង្ហើយ” ក្រុមការងារមន្ត្រីចុះបញ្ជីរបស់មន្ទីរ ដ.ន.ស.ស រាជធានីភ្នំពេញ ដែលបានកំពុងរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានគម្រោង នឹងបញ្ចប់ការវាស់វែង ប្រមូលទិន្ន័យទាំងស្រុងនៅត្រឹមដំណាច់ឆ្នាំ២០២៦ និងឈានទៅចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចែកជូនបងប្អូនប្រជាពលរដ្ឋនៅដើមឆ្នាំ២០២៧ ខាងមុខនេះ។
សេចក្តីដូចបានប្រកាសជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនៅក្នុងភូមិសាស្ត្រ ខណ្ឌ៧មករា និង សាធារណៈជនទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការឱ្យបានផុសផុល ដើម្បីឱ្យដំណើការនេះអាចបញ្ចប់បានតាមពេលវេលាដូចដែលបានគ្រោងទុក៕


