ខេត្តកំពង់ស្ពឺ ៖ ក្រសួងបរិស្ថាន បញ្ជាក់ថា ការដុតសំណល់អេឡិចត្រូនិក ជាពិសេសប្រភេទថ្មពិល ឬអាគុយ បានបញ្ចេញសារធាតុពុល នង គ្រោះថ្នាក់ជាច្រើន មានដូចជា សំណ បារ៉ត កាត់ម៉្យូម កូបាល់ សង្ក័សី អាស៊ីត និងភាគល្អិតល្អិតៗទៅក្នុងខ្យល់។ សារធាតុបំពុលទាំងនេះ បង្កឱ្យមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព មនុស្ស សត្វ ជីវចម្រុំ និងបរិស្ថាន ក៏ដូចជាការបំពុលខ្យល់ ដី និងទឹក ធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងសុខភាពមនុស្សក្នុងរយៈពេលវែង។
ការប៉ះពាល់ ឬហិតផ្សែងនេះ អាចនាំឱ្យកើតជំងឺផ្លូវដង្ហើម ជំងឺបេះដូង ខូចតម្រងនោម ថ្លើម ជំងឺប្រព័ន្ធប្រសាទ បញ្ហាផ្លូវបន្តពូជ ការពន្យឺតការលូតលាស់របស់កុមារ និងបង្កើនហានិភ័យនៃជំងឺមហារីក។ កុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងកម្មករដែលធ្វើការកែច្នៃសំណល់អេឡិចត្រូនិកក្រៅប្រព័ន្ធ គឺជាក្រុមដែលងាយរងគ្រោះបំផុត។
លោហៈធ្ងន់ដែលភាយចេញពីការដុតថ្ម មិនរលាយបាត់បង់ទៅវិញតាមធម្មជាតិនោះទេ។ ពួកវាបានប្រមូលផ្តុំនៅក្នុងដី ទន្លេ បន្លែបង្ការ ត្រី និងសត្វព្រៃ ហើយជ្រៀបចូលទៅក្នុងខ្សែច្រវាក់អាហារ បង្កឱ្យមានគំរាមកំហែងដល់បរិស្ថាន និងជីវចម្រុះអស់រយៈពេលវែង។
ជំនួសឱ្យការដុតសំណល់ថ្មពិល និងអាគុយទាំងនោះ ត្រូវធ្វើការប្រមូលសំណល់ថ្មពិល និងអាគុយ ទុកដាក់ដាច់ដោយឡែកពីសំណល់ធម្មតា និងយកទៅកែច្នៃឡើងវិញ ឬ ទុកដាក់ចុងក្រោយនៅទីតាំង តាមលក្ខណៈបច្ចេកទេសក្នុងការកែច្នៃ ឬកម្ទេចចោលប្រកបដោយសុវត្ថិភាពបរិស្ថានដែលមានការអនុញ្ញតឱ្យផ្តលសេវាពីក្រសួងបរិស្ថាន។
និយាយឱ្យខ្លី ការដុតថ្មអាចមើលទៅដូចជាវិធីងាយស្រួលក្នុងការកម្ទេចសំណល់ថ្មពិល ឬ អាគុយ ប៉ុន្តែវាបានបង្កើតឱ្យមានការបំពុលធ្វន់ធ្ងរដល់បរិស្ថាន សុខភាពមនុស្ស សត្វ និងជីវចម្រុះគ្រប់ប្រភេទ និងបន្សល់ទុកនូវកេរដំណែលបំពុលដល់ជំនាន់ក្រោយ ដោយសារធាតុពុល និងសារថាតុគ្រោះថ្នាក់ដែលបញ្ចេញពីសំណល់ថ្មពិល និងអាគុយ។





