![]()
ភ្នំពេញ ៖ តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាថ្ងៃសៅរ៍ ៣កេីត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណ:អភិបាលខណ្ឌដូនពេញ បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ (បារបារាំង) និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០ ផ្លូវលេខ១១៨ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ចាប់ពីកំណាត់ផ្លូវលេខ១៣ដល់តិរវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារកណ្ដាលទី១និងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
ជាលទ្ធផល÷
-ក្រុមការងារចម្រុះបាន ចុះអនុវត្តវិធានការរដ្ឋបាលលេីផ្លូវលេខ១៣៦ ចាប់ពីតិរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១៣ ដោយបានរៀបចំរុះរេីចេញ សម្ភារៈផ្សេងៗដែលដាក់តាំងរំលោភចឹញ្ចេីមផ្លូវ និងបាញ់លាងសម្អាតយ៉ាងស្អាត។
-ក្រុមការងារ បានពិនិត្យឃើញថាមានម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្មនៅលេីដងផ្លូវលេខ១៣៦នេះបានចូលរួមសហការជាមួយក្រុមការងារដោយរលូន។ មានទីតាំងអាហារដ្ឋានទេសចរណ៍មួយ ស្ថិតនៅលេីតិរវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៣៦ ធ្វើអាជីវកម្ម ដាក់តាំងសំណង់បេតុងរឹងមាំ ប្រកបអាជីវកម្មពុំទាន់មានអាជ្ញាប័ណ្ណទេសចរណ៍នៅឡេីយ ដូច្នេះក្រុមការងារបានធ្វើកំណត់ហេតុអប់រំណែនាំឲ្យរុះរេីចេញបន្ទាន់ តំណាងទីតាំងអាហារដ្ឋានទេសចរណ៍នេះបានចូលរួមសហការថានឹងជម្រាបជូនម្ចាស់អាជីវកម្មដេីម្បីអនុវត្តតាមការណែនាំរបស់ក្រុមការងារ។
-ក្រុមការងារ បានរៀបចំបាញ់ថ្នាំ ជាស្លាកសញ្ញាសំគាល់ ផ្លូវសម្រាប់ថ្មេីរជេីង យ៉ាងស្អាត។
ជាទិសដៅបន្ត នៅព្រឹកថ្ងៃទី២៣ខែមីនា ឆ្នាំ២០២៦ នឹងបន្តចុះអនុវត្តលេីដងផ្លូវលេខ១១៨ ចាប់ពីផ្លូវលេខ១៣ ដល់ផ្លូវតិរវិថីព្រះស៊ីសុវត្ថិ៕










