ភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នេះ កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលអំពីផលប៉ះពាល់ដីចំណីផ្លូវរទេះភ្លើង ជាមួយប្រជាពលរដ្ឋ ដែលស្ថិតនៅសាលាបុណ្យភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម ឯក ឃុនឌឿន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញអមដំណើរពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៥៦ គ្រួសារ។
ជាលទ្ធផលគួរឱ្យកត់សម្គាល់ បន្ទាប់ពីទទួលបានការសម្របសម្រួល និងការបញ្ជាក់យ៉ាងលម្អិតពីថ្នាក់ដឹកនាំនិងក្រុមការងារក្រសួងសាធារណការ ប្រជាពលរដ្ឋទាំង ៥៦ គ្រួសារ បានសម្តែងការយល់ស្រប និងឯកភាពទាំងស្រុង ក្នុងការស្ម័គ្រចិត្តរុះរើ និងថយខ្នងផ្ទះចេញពីដីចំណីផ្លូវរទេះភ្លើង ដើម្បីសម្រួលដល់ការអភិវឌ្ឍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែមានរបៀបរៀបរយ៕

