ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា: ករណីកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំពោះ បុរសម្នាក់ឈ្មោះ ស្រស់ ថាវ័ន្ត នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ កាលល្ងាចពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ពាក់ព័ន្ធបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃរងរបួស និងបើកគេចមិនទទួលខុសត្រូវនៅកន្លែងកើតហេតុ។
ខណៈសមត្ថកិច្ចចុះអនុវត្តតាមដីកានោះ ក៏មានការតវ៉ារារាំងពីសំណាក់គ្រួសារ ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទមកលើសមត្ថកិច្ច ថាចាប់ឃាត់ខ្លួនបុរសនេះ គ្មានដីការបស់តុលាការ។ បន្ទាប់មកសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុរសខាងលើទៅផ្ទះវិញ ដោយមានការធានាពីមេធាវី និងក្រុមគ្រួសារដើម្បីចូលមកដោះស្រាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ចំពោះករណីនេះ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីបង្ក និងភាគីរងគ្រោះ បានមកជួបដោះស្រាយគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយគ្នានេះ ភាគីទាំងពីរក៏មានការជជែកពិភាក្សាគ្នាលើស្មារតីយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនោះក៏មានការសម្របសម្រួលពីមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលមានលោកស្នងការរងផែនការងារនគរបាលចរាចរណ៍ ក៏បានចូលរួមផងដែរ។
ភាគីទាំងពីរក៏បានសំណូមពរ ស្នើសុំសមត្ថកិច្ចសម្របសម្រួលបញ្ចប់បញ្ហា ដោយភាគីខាងជនរងគ្រោះសុំដកពាក្យបណ្តឹងវិញ ដោយឈប់ប្តឹងភាគីបង្កជាមួយនឹងការយល់ព្រម ជួយដោះស្រាយសំណងថ្លៃព្យាបាលរបួសទៅឲ្យជនរងគ្រោះ ដោយស្ម័គ្រចិត្តនិងមានការឯកភាពគ្នា។
បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុព្រមព្រៀងបញ្ចប់បញ្ហាប្តឹងផ្តល់គ្នា និងស្នើសុំគោលការណ៍ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបានអនុញ្ញាតឲ្យភាគីទាំងពីរ ត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថា: មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅលើផ្លូវលេខ២៨៥ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក បង្កឡើងដោយរថយន្ត ទៅលើម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូ បាក់ដៃខាងឆ្វេង ។ បន្ទាប់មកអ្នកបើករថយន្តបានបើកគេចចេញកន្លែងកើតហេតុ៕




