ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សូមប្រគេន និងជម្រាបជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសាធារណជនមេត្តាជ្រាបថា៖ កន្លងមកមាន ជនអនាមិក បានក្លែងបន្លំខ្លួន ជាព្រះមន្ត្រីសង្ឃ ឬ ថ្នាក់ដឹកនាំគណៈសង្ឃនាយក ធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅព្រះសង្ឃ ឬ ពុទ្ធបរិស័ទ នានា ដោយ បោកបញ្ឆោត និងលួងលោម ឱ្យជនរងគ្រោះមានការជឿជាក់ ដើម្បីបិណ្ឌបាត បច្ច័យ និងផ្ទេរប្រាក់ ទៅឱ្យជនអនាមិកនោះ ជាថ្នូរនឹងការតែងតាំងតួនាទី ឬ ទទួលបានមេដាយ ផ្សេងៗ ក្នុងការចូលរួមកសាងវត្តអារាម ដែលជាសញ្ញាណបង្ហាញពីទម្រង់ នៃការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា។
បច្ចុប្បន្ន នាយកដ្ឋានកំពុង ធ្វើការស្រាវជ្រាវករណីខាងលើ និងកំណត់មុខសញ្ញាជនសង្ស័យមួយចំនួនដែលពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមប្រគេន និងក្រើនរំលឹកដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសាធារណជន ឱ្យមានការប្រុងប្រយ័ត្ន និងបញ្ជាក់ឱ្យបានច្បាស់លាស់ មុនសម្រេចចិត្តជឿជាក់ និងផ្ទេរប្រាក់ចូលបច្ច័យបុណ្យ។
