ខេត្តព្រះសីហនុ ៖ ក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ នាព្រឹក ២៥ តុលា ២០២៦ លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការមកថ្ងៃនេះ មិនត្រឹមតែមកអបអរសាទរប្អូនៗសិស្សជ័យលាភីនិទ្ទេស A ប៉ុណ្ណោះទេ តែជាការអបអរសាទរសង្គមជាតិយើងដែលសម្រេចបាននូវជោគជ័យ ការឆ្លាក់ព្រលឹងជាតិ និងដំណើររបស់ជាតិយូរអង្វែង តាមរយៈការកសាងធនធានមនុស្ស។
រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមថ្លែងអំណរគុណ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សសម្រាប់កិច្ចខិតខំប្រឹងប្រែងជ្រោមជ្រែងឱ្យសិស្សបានរៀនចប់ចុងចប់ដើម និងសូមអរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរអប់រំខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ យុវជន និងកីឡា។
យើងត្រូវរៀនស្គាល់ខ្លួនឯង និងពិភពលោក ព្រមទាំងគិតគូរបន្ថែមទៀតលើការពូនជ្រំវិស័យអប់រំរបស់យើង ដែលជាមធ្យោបាយក្នុងការផ្លាស់ប្តូរផ្នត់គំនិត បង្រៀនទំនៀមទម្លាប់ ប្រពៃណី សុជីវធម៌ និងទំនាក់ទំនង តាមរយៈការរៀបចំសាលារៀន បង្កបរិយាកាសឱ្យសិស្សចង់រៀន ដោយរៀបថ្នាក់រៀនឱ្យស្អាត ទីធ្លាសាលា អាហារដ្ឋាន បន្ទប់ទឹក និងដាំដើមឈើ។
ជាមួយគ្នានេះ ក្នុងឱកាសផ្តល់ម៉ូតូជូនសិស្សជ័យលាភីនិទ្ទេស A ក្រុមការងារក៏បានផ្តល់ម៉ូតូជូនដល់ប្រជាការពារ ក្រុង ស្រុក ទាំង ៦ និងឃុំសង្កាត់ទាំង ២៩ នៅខេត្តព្រះសីហនុ ដើម្បីចូលរួមលើកកម្ពស់ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ។


