ខេត្តកណ្ដាល៖ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន បានណែនាំឱ្យមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការយកថ្មមកចាក់បំពេញឱ្យបានឆាប់រហ័ស លើកំណាត់ផ្លូវដែលរងការខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានជាបណ្ដោះអាសន្ន មុននឹងមានការសិក្សា និងជួសជុលស្ថាបនាឱ្យបានរឹងមាំ និងមានសុវត្ថិភាពនាពេលបន្ទាប់ទៀត។
នេះជាវិធានការបន្ទាន់ចំពោះមុខរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានដាក់ចេញនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពផ្លូវដែលរងការបាក់ស្រុត ដោយសារការច្រោះដីតាមបណ្ដោយច្រាំងទន្លេ ក្នុងអំឡុងពេលទឹកឡើង។ ការច្រោះដីនេះបានបង្កឱ្យផ្លូវបេតុងមួយខ្សែរងការខូចខាត និងបង្កហានិភ័យដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវនេះមានប្រវែងប្រមាណ ៤៥ម៉ែត្រ ទទឹង ៤ម៉ែត្រ និងមានជម្រៅប្រមាណ ៣ម៉ែត្រ ស្ថិតនៅភូមិសំប៉ាន ឃុំកោះធំ (ខ) ស្រុកកោះធំ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពច្រាំង និងកំណាត់ផ្លូវដែលអាចប្រឈមនឹងការបាក់ស្រុតបន្ថែម ជាពិសេសក្នុងអំឡុងពេលរដូវទឹកឡើង ដើម្បីអាចចាត់វិធានការបង្ការ និងដោះស្រាយបានទាន់ពេលវេលា ព្រមទាំងត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះទីតាំងដែលមានហានិភ័យ។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានក្រើនរំឭកដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យដែលអាចកើតមានពីការឡើងចុះនៃទឹក និងការច្រោះដី ដែលអាចនាំឱ្យមានការបាក់ច្រាំង ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ងាយរងគ្រោះ។
លើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេ សូមចូលរួមដាំដើមឫស្សីឱ្យបានច្រើននៅតាមបណ្ដោយផ្លូវដែលជាប់ច្រាំងទន្លេ ដើម្បីជួយពង្រឹងដី និងកាត់បន្ថយការច្រោះដីនៅពេលរដូវទឹកឡើង។ ការដាំឫស្សី មិនត្រឹមតែអាចរួមចំណែកការពារច្រាំង និងកាត់បន្ថយហានិភ័យនៃការបាក់ស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ផលប្រយោជន៍ដល់គ្រួសារ តាមរយៈការប្រើប្រាស់ ឬប្រមូលផលទំពាំង និងដើមឫស្សី សម្រាប់ប្រើប្រាស់ ឬបង្កើតចំណូលបន្ថែមបានផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ពីការបាក់ច្រាំង មិនអាចពឹងផ្អែកតែលើការជួសជុលរបស់អាជ្ញាធរតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សា និងការពារបរិស្ថានជុំវិញតំបន់ច្រាំងទន្លេ។





