ភ្នំពេញ ៖ ថ្មីៗនេះបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ដែលមានខ្លឹមសារថា “តាមការអះអាង ពីបងប្រុសថា លុយចំនួន ៣៦០០០ ដុល្លារ ត្រូវបានបុគ្គលជាមន្ត្រីសមត្ថកិច្ច ម្នាក់នៅខណ្ឌពោធិ៍សែនជ័យយកទៅរត់ការរឿងនៅតុលាការ បានបោកប្រាស់ យកទៅបាត់ ដោយគ្មានដំណោះស្រាយអ្វីជូនគាត់សោះ.”។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស ធ្វើការស្រាវជ្រាវចំពោះករណីផ្សព្វផ្សាយខាងលើ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា: ឆ្លងតាមការពិនិត្យទិន្នន័យមន្ត្រីឈ្មោះ ស៊ុន ស៊ីណា មិនមែនជាមន្ត្រីនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះទេ។
អាស្រ័យដូចបានជម្រាបជូនរាល់ខ្លឹមសារខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ដែលបានផ្សព្វផ្សាយទទួលជ្រាបជាព័ត៌មាន ដើម្បីចៀសវាងកុំឱ្យមហាជនអ្នកលេងបណ្តាញសង្គមមានការយល់ច្រឡំចំពោះខ្លឹមសារនៃការផ្សព្វផ្សាយព័ត៌មានខាងលើ៕
