លោក លី ឆេង ស្ថាបនិក និងជាអគ្គនាយក (CEO) នៃ ប៊ែលធី គ្រុប (BELTEI Group) ៖ តាងនាមឱ្យថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប ព្រមទាំង សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ក្រោយពីបានទទួលដំណឹងដ៏សែនក្រៀមក្រំចំពោះមរណភាពរបស់សិស្សប៊ែលធីចំនួន ៥នាក់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ (រថយន្ត គេចម៉ូតូ រេចង្កូតធ្លាក់ចូលស្រះទឹក)។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងអំឡុងពេលដែលក្មួយៗសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ២៦នាក់ បានធ្វើដំណើរតាមរថយន្តស៊ីឈ្នួលដឹកសិស្សនិងពលរដ្ឋទូទៅ (មិនមែនរថយន្តរបស់សាលាប៊ែលធី) ទៅរៀននៅសាលា ប៊ែលធី អន្តរជាតិទី២៤ (សាខាស្ពានព្រែកតាមាក់) ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុប សូមចូលរួមរំលែកមរណទុក្ខដោយក្តីអាឡោះអាល័យ និងសោកស្តាយយ៉ាងក្រៃលែងជាមួយ មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារនៃសព។
សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ក្មួយៗទាំង៥នាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕


