ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវដូងងៀប ភូមិដំណាក់ធំ៣។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានធ្វើការប្រមូលសម្ភារៈ និងរម៉កលក់ដូរដែលដាក់រំលោភលើចិញ្ចើមផ្លូវ យកមករក្សាទុកនៅសាលាសង្កាត់ ដើម្បីចាត់ចែងតាមនីតិវិធី។
ជាមួយគ្នានេះ ក្រុមការងារបានធ្វើការអប់រំ ណែនាំដល់បងប្អូនអាជីវករ ឱ្យបញ្ឈប់ការដាក់តាំងលក់ដូរដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋលើចិញ្ចើមផ្លូវតទៅទៀត។
សូមជម្រាបថា កាលពីថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការគ្រប់គ្រង និងដឹកនាំរបស់ លោក សាំង ស៊ីណាចៅសង្កាត់ស្ទឹងមានជ័យទី៣ កម្លាំងប្រជាការពារភូមិ សង្កាត់ស្ទឹងមានជ័យទី៣ ដឹកនាំដោយ លោក ភុន ផល ចៅសង្កាត់រងទី២ បានចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ តាមបណ្ដោយផ្លូវ ៣០ម៉ែត្រ (ផ្លូវឌួងងៀប) បង្កឡើងដោយ បងប្អូនប្រជាពលរដ្ឋ លក់ដូរមុខរោងចក្រពេលម៉ោង កម្មករ កម្មការិនី ចេញពីរោងចក្រ ធ្វើអោយមានការកកស្ទះចរាចរណ៍បន្តិចបន្តួច ដែលនាំអោយរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែងតំបន់ មុខរោងចក្រ ពេល កម្មករ កម្មការិនី ចេញស្រស់ស្រូបអាហារ គឺមានការរំខានដល់ការដំណើរ របស់បងប្អូន។
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី៣ មិនដែលមើលរំលងនោះទេ ចំពោះការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយតាមបណ្តោយផ្លូវផ្សេងៗ ក្នុងមូលដ្ឋានសង្កាត់នោះឡើយ។
ជុំវិញ ការរំលោ.ឭភយកផ្លូវ លក់ដូរ ស្ទើរទាំងស្រុងនេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ប្រាប់ TNN TV នាល្ងាចទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ យ៉ាងខ្លីថា ស្អែក ឲ្យក្រុមសន្តិសុខខណ្ឌ ចុះរៀបចំ។
គួររំលឹកផងដែរថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា បើយើងអត់ធ្វើទេ ឆ្នាំ២០៣០ ធ្វើលែងចេញហើយ ជាពិសេស នៅភ្នំពេញ រកតែកន្លែងផ្លូវដើរ ក៏ដើរលែងកើតដែរ មានតែដើរលើថ្នល់។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងការគាំទ្រដល់ការប្តេជ្ញាចិត្ត របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាខណ្ឌទាំង១៤ ឱ្យបានល្អ ដោយចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់ និងបានបញ្ជាក់ថា ប្រទេសមួយដែលមានសណ្តាប់ធ្នាប់គឺគេឱ្យតម្លៃមុនគេរួចទៅហើយ អញ្ចឹងហើយយើងឃើញថា ដោយសារតែជីវភាព ដោយសារតែក្រពះ ចិញ្ចើមថ្នល់ ឬផ្លូវមួយចំនួន ត្រូវបានរំ.លោភ។
លោក ស សុខា បានថ្លែងដូច្នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ថែមថា “សូមឱ្យយើងអង្គុយមើល និងគិតទាំងអស់គ្នា តាមបណ្តាខណ្ឌនីមួយៗ ហើយលើកគម្រោងនេះ ជារួមរៀបចំផ្លូវថ្មើរជើង តាមខណ្ឌនីមួយៗ ដើម្បីយើងចូលរួមដាក់ថ្នាំឱ្យត្រូវ ព្រោះយន្តការនេះ បើយើងអត់ធ្វើទេ ឆ្នាំ២០៣០ ធ្វើលែងចេញហើយ ជាពិសេសនៅភ្នំពេញ រកតែកន្លែងផ្លូវដើរ ក៏ដើរលែងកើតដែរ មានតែដើរលើថ្នល់”។












