ខេត្តកំពត ៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ កាលពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦
លោក ទុយ រុំ អភិបាលរងស្រុក តំណាង អភិបាលស្រុក បានចុះអនុវត្តវិធានការទាំង៨ ចំណុចរបស់រដ្ឋបាលស្រុក នៅតាមសាលារៀន និងបរិវេណ
ជុំវិញសាលា ជាលទ្ធផលដូចខាងក្រោម៖
១, បានឃើញសិស្ស ចំនួន០៣នាក់ គេចម៉ោងសិក្សាទៅជក់បារី និងបុកប៊ីយែរ បានហៅមកណែនាំ ក្នុងសាលា និងតេស្តទឹកនោម លទ្ធផល (អវិជ្ជមាន) ។
២, មានសិស្សចំនួន១១នាក់ បានផ្ញើរម៉ូតូ នៅហាងកាហ្វេ បានឲ្យយកចូលសាលា និងឲ្យលោកនាយកអប់រំណែនាំ។
៣, បានណែនាំម្ចាស់ហាងកាហ្វេឲ្យផ្អាកអាជីវកម្មបុកប៊ីយែរព្រោះមិនមានច្បាប់ អនុញ្ញាត និងហាមមិនឲ្យទទួលបញ្ញើម៉ូតូសិស្សតទៅទៀត ។
រដ្ឋបាលស្រុកទឹកឈូ បានដាក់វិធានការទាំង ០៨ចំណុចនៅតាមសាលារៀនត្រូវអនុវត្តជាប្រចាំមានដូចជា៖
១, ហាមដាច់ខាត លក់នំចំណីដែលខូចគុណភាព ឬក្រសួងហាមឃាត់ (ការិយាល័យអប់រំ មេឃុំ មេប៉ុស្តិ ត្រួតពិនិត្យ)។
២, ហាមសិស្សផ្ញើម៉ូតូនៅក្រៅរបងសាលានៅម៉ោងរៀនសូត្រ (ការិយាល័យអប់រំ មេប៉ុស្តិ ត្រួតពិនិត្យ)។
៣, ហាមបើកអាជីវកម្មហ្គេម ល្បែង និងបុកប៊ីយ៉ា នៅជុំវិញរបងសាលា (ការិយាល័យ អប់រំ អធិការ ប៉េអឹម ត្រួតពិនិត្យ)។
៤, ចំពោះមុខសញ្ញាសិស្សគេចថ្នាក់ រៀន ត្រូវប្រមូលចូលវិញនិងតេស្តស្វែងរកសារធាតុញៀន (ការិយាល័យអប់រំ អធិការ ប៉េអឹម ត្រួតពិនិត្យ)។
៥, ត្រួតពិនិត្យអនាម័យបរិស្ថាន ជាប្រចាំ កាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិច ពិសេសសំអាតបន្ទប់ទឹកស្អាតជានិច្ច (ការិ.អប់រំ មេឃុំ ពិនិត្យ)
៦, គ្រប់គ្រងវត្តមានសិស្ស ប្រចាំថ្ងៃ ត្រួតពិនិត្យបញ្ជីលេខទូរស័ព្ទអាណាព្យាបាលសិស្ស និងការអនុវត្តរបស់គ្រូករណីសិស្សអវត្តមាន (ការិយាល័យអប់រំ មេឃុំ ត្រួតពិនិត្យ)
៧, គ្រប់គ្រងមុខសញ្ញាសិស្សបោះបង់ការសិក្សា គាំទ្រនិងលើក ទឹកចិត្តអោយចូលរៀន (ការិយាល័យអប់រំ មេឃុំ មេប៉ុស្តិ អនុវត្ត)
៨, បន្តគៀងគរ អភិវឌ្ឍសាលារៀន ជួសជុលកែលម្អអាគារ សិក្សា ក្លោងទ្វារ របង សួនច្បារ…(ការិយាល័យអប់រំ មេឃុំ អនុវត្ត) ៕




