ខេត្តកែប ៖ អនុវត្តតាមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ក្នុងការជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាព្រឹកថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១:៣០ នាទីព្រឹក លោក ឆាង ឆៃ អភិបាល នៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក រួមជាមួយអាជ្ញាធរឃុំពងទឹក និងភូមិអន្ទង់ស ចុះប្រតិបត្តិការបង្ក្រាបទីតាំងលាក់លៀមលួចបើកលេងជល់មាន់ខុសច្បាប់ចំនួន ០១ កន្លែង ស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
នៅពេលកម្លាំងចម្រុះចុះទៅដល់ទីតាំងកើតហេតុ ក្រុមអ្នកលួចលេងបានដឹងខ្លួនជាមុន និងរត់គេចខ្លួនចេញពីទីតាំង ដោយបន្សល់ទុកនូវសម្ភារៈសម្រាប់រៀបចំសង្វៀនជល់មាន់នៅនឹងកន្លែង។ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានធ្វើការរុះរើទីតាំងសង្វៀន និងដកហូតវត្ថុតាងសរុបចំនួន។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅសាលាស្រុកដំណាក់ចង្អើរ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដាក់បទបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តស្រាវជ្រាវកំណត់អត្តសញ្ញាណម្ចាស់ទីតាំង និងអ្នករៀបចំចាត់ចែង ដើម្បីកោះហៅមកចាត់ការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលស្រុកដំណាក់ចង្អើរ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ និងបញ្ឈប់រាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងសូមរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជិតបំផុត ប្រសិនបើពិនិត្យឃើញមានការលួចបើកលេងល្បែងស៊ីសងក្នុងមូលដ្ឋាន ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមរមនាក្នុងសហគមន៍។



