![]()
បាត់ដំបង ៖ ករណី ហិង្សា បង្កឡើង២លើក បណ្តាលអោយ ប្រជាពលរដ្ឋ និង អ្នកតាមដាន ព័ត៌មាន តាមបណ្តាញសង្គម ស៊ែចែករំលែក បន្តគ្នា អំពី ទង្វើអសីលធម៌ ដែលមិនគួរកើតមាន ក្នុងខេត្តបាត់ដំបង។
លើទី១- ឆាកប្រយុទ្ធ កៅអី ហោះ តុហើរ ក្នុងកម្មវិធីមង្គលការ ១កន្លែង នៅវេលាម៉ោង២២ ថ្ងៃទី២២ ខែគុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
លើកទី២-នៅវេលាម៉ោង២និង ៥០នាទីរំលង អាធ្រាត្រ ឈានចូលថ្ងទី២៣ ខែគុម្ភៈ ឆ្នាំ២០២៦ អ្នកលេង១ក្រុមទៀត បើកឆាកប្រយុទ្ធគ្នា នៅសួនសម្តេច ស ខេង ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អំពើហិង្សាខាងលើបង្ហាញយ៉ាងច្បាស់ថា ភាពអសន្តិសុខ នៅក្នុងខេត្តបាត់ដំបង កំពុង កើតឡើង ជាបន្តបន្ទាប់ ធ្វើអោយ បង ប្អូន ប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាព ក្នុងការធ្វើដំណើរនៅពេលយប់។
ដោយសារតែភាពអសន្តិសុខ បង្ហាញស្តែងៗ និង មហាជនរិះគន់យ៉ាងចាស់ដៃ នៅព្រឹកថ្ងៃទី២៣ ខែគុម្ភៈ ឆ្នាំ២០២៦ នេះ ក្រុមការងារ ប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺថា ៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់វិធានការ ទៅអធិការដ្ឋាន ក្រុង ស្រុក ដែលជាប់ពាក់ព័ន្ធអោយធ្វើការស្រាវជ្រាវ ស៊ើបអង្កេតលើករណីទាំង២នេះជាបន្ទាន់ដើម្បីនាំខ្លួនអ្នកប្រព្រឹត្តិបទល្មើស យកទៅអនុវត្តទោសតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋ និង អ្នកនិយមលេង ហ្វេសប៊ុក សង្ឃឹម និង ជឿជាក់ថា លោក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង និង លោក យុត តុងហូ អធិការនគរបាល ស្រុកសង្កែ បំបែកសំណុំរឿង ទាំងអស់នេះ អោយបានឆាប់រហ័ស បង្កើនសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង រស់នៅប្រកបដោយសេចក្តីសុខសាន្ត៕ ដោយ ៖ សុខ កុសល


