ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និង លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលករណីពិនិត្យលើសំណើសុំកែប្រែអត្រាកម្រៃជើងសារ និងថ្លៃដឹកជញ្ជូនរបស់បងប្អូនអ្នករត់កង់បី និងតាក់ស៊ី ជាមួយក្រុមហ៊ុនក្រេប (Grab)។
ជាលទ្ធផលក្រោយពីបានពិភាក្សាសម្របសម្រួលយ៉ាងល្អិតល្អន់រួចមក ភាគីទាំងពីរ បានឯកភាពគ្នាដូចខាងក្រោម៖
១-ភាគីទាំងពីរ បានឯកភាពគ្នា ដោយភាគីក្រុមហ៊ុន ទទួលយកនូវសំណូមពររបស់តំណាងបងប្អូនអ្នករត់កង់បីក្នុងការផ្ដល់កម្រៃសមស្រប ជាបណ្តោះអាសន្ន ក្នុងរង្វង់នៃការ ស្នើសុំ និងកម្រៃជើងសារក្នុងរង្វង់នៃកម្រៃជើងសារដែលបានស្នើសុំ ដើម្បីយកទៅកែសម្រួលប្រព័ន្ធគ្រប់គ្រង (Systems)
២-ភាគីក្រុមហ៊ុន បានឯកភាពនឹងធ្វើសេចក្ដីប្រកាសរួមពីការទទួលយកសំណើក្នុងការផ្ដល់កម្រៃជាបណ្ដោះអាសន្នតាមការស្នើសុំក្នុងរង្វង់ ១,២០០រៀល ក្នុងមួយគីឡូម៉ែត្រ និងកាត់កម្រៃជើងសារ ក្នុងរង្វង់ជាមធ្យម ១៥% ក្នុងមួយថ្ងៃ ចំពោះករណីមានការកាត់កម្រៃជើងសារ លើស១៥% ក្រុមហ៊ុន Grab នឹងទូទាត់ប្រាក់កម្រៃសេវាត្រឡប់ឱ្យគ្រប់១៥% ដល់អ្នកបើកបរវិញ នៅថ្ងៃបន្ទាប់
៣-អ្នកបើកបរត្រូវ ជួយបើកអនឡាញឱ្យបានច្រើនម៉ោង តាមការស្នើសុំរបស់ក្រុមហ៊ុន
៤-ក្នុងករណីភាគីក្រុមហ៊ុន មានការកែប្រែប្រព័ន្ធគ្រប់គ្រង (Systems) នោះត្រូវជូនដំណឹងដល់បងប្អូនអ្នករត់កង់បីជាមុន ដើម្បីចៀសវាងកើតមានឡើងនូវបាតុភាពផ្សេងៗ
៥-ភាគីក្រុមហ៊ុន បានឯកភាពក្នុងការបើក App ជូនដល់អ្នកបើកបរមួយចំនួន ដែលចូលរួម ធ្វើពហិការ និងចែកចាយមាតិការ មិនសមរម្យជាសាធារណៈ លើងលែងតែដៃគូដែលមានបញ្ហាគុណភាព សេវាកម្ម និងសុវត្ថិភាព នឹងមិនបើកជូនវិញឡើយ
៦-ប្រធានអង្គប្រជុំបានណែនាំដល់បងប្អូនអ្នករត់កង់បី មិនត្រូវធ្វើអ្វី ដែលនាំអោយ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខ សាធារណៈ ក្នុងរាជធានីភ្នំពេញ។ ក្នុងករណីមានបាតុភាពណាមួយនោះ បងប្អូនត្រូវដាក់លិខិតស្នើសុំជាលាយលក្ខអក្សរទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងដោះស្រាយជូន។







