ខេត្តឧត្តរមានជ័យ ៖ ការបង្ហាញការពិត និងការស្វែងរកយុត្តិធម៌ចំពោះការរំលោភបំពានលើអធិបតេយ្យភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្លូតត្រង់ គឺជាបេសកកម្មដ៏សំខាន់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នាថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នេះដោយមានការចាត់តាំង និងអនុញ្ញាតពី លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង, លោក ប៊ុត វ៉ាន់ដេត អភិបាលរងក្រុងសំរោង បានចូលរួមអមដំណើរប្រតិភូថ្នាក់ខេត្ត ដឹកនាំដោយ លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ ដើម្បីទទួល និងសម្របសម្រួលជូនប្រតិភូអង្គការសហប្រជាជាតិ (UN) ក្នុងបេសកកម្មចុះពិនិត្យ និងស្វែងយល់ការពិតអំពីស្ថានភាពព្រំដែន។
ការចុះពិនិត្យទីតាំងផ្ទាល់ ប្រតិភូ UN បានអញ្ជើញចុះទៅដល់ភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ ដើម្បីទស្សនាដោយផ្ទាល់នូវកម្រិតនៃវិនាសកម្ម និងផលប៉ះពាល់ដែលបណ្ដាលមកពីការវាយប្រហារបំផ្លិចបំផ្លាញពីសំណាក់ពួកទាហានថៃ នាពេលកន្លងមក។ ការផ្ទៀងផ្ទាត់ការខូចខាត ក្រុមការងារបានបង្ហាញនូវភស្តុតាងជាក់ស្ដែង រួមមានលំនៅដ្ឋានដែលត្រូវបានបំផ្លាញ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីឱ្យប្រតិភូ UN ធ្វើការកត់ត្រា និងផ្ទៀងផ្ទាត់សម្រាប់រៀបចំជារបាយការណ៍អន្តរជាតិ។
ការសាកសួរសុខទុក្ខពលរដ្ឋរងគ្រោះប្រតិភូក៏បានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីស្វែងយល់ពីផលវិបាកក្នុងជីវភាព និងស្ថានភាពសន្តិសុខ ក្រោយការវាយប្រហារ។
ក្នុងឱកាសនោះ លោក ម៉េត មាសភក្តី អភិបាលរងខេត្ត តំណាងឱ្យរដ្ឋបាលក្រុងខេត្ត បានបញ្ជាក់យ៉ាងច្បាស់ជូនប្រតិភូ UN អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ប៉ុន្តែដាច់ខាតត្រូវការពារឱ្យបាននូវសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែន។ លោក សង្ឃឹមថា វត្តមានរបស់ប្រតិភូ UN នាពេលនេះ នឹងនាំមកនូវរបាយការណ៍ប្រកបដោយតម្លាភាព ដើម្បីសន្តិសុខ និងយុត្តិធម៌សម្រាប់ពលរដ្ឋកម្ពុជា៕







