ក្រសួងពាក់ព័ន្ធ និងវិស័យឯកជន ប្រកាសគាំទ្រ «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ជំរុញការតភ្ជាប់វិនិយោគ និងទេសចរធុរកិច្ចនៅកម្ពុជា
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន កោះថ្មី តិចណូឡូជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់សារព័ត៌មាន ត្នោត (Tnaot News) បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីកម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» ដើម្បីប្រកាសអំពីកម្មវិធីទស្សនកិច្ចវិនិយោគមួយ ដែលបានប្រារព្ធធ្វើឡើងនៅអគារ Morgan Tower ក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងស្ថាប័នពាក់ព័ន្ធជាច្រើន រួមមាន ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ, , ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន, លោកស្រី ហាន លី អគ្គនាយិកាសារព័ត៌មាន ត្នោត (Tnaot), លោកស្រី Wang Fuyan អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌា ស៊ីឃ្យូរឹធី ម.ក, លោក Jiao Jinfeng នាយកប្រតិបត្តិក្រុមហ៊ុន OuneRaod Group ព្រមទាំងតំណាងមកពីក្រសួង និងស្ថាប័នសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់។

កម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» គឺមានគោលបំណងជំរុញឱ្យអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗ ពីប្រទេសកម្ពុជា ចិន និងបណ្តាប្រទេសដទៃទៀត ជួបពិភាក្សាអំពីសក្តានុពលវិនិយោគ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើតឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចបែប ឈ្នះ–ឈ្នះ សម្រាប់សហគ្រាសនានា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លោកស្រី ហាន លី អគ្គនាយិកាសារព័ត៌មាន ត្នោត (Tnaot) បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងឈានចូលដំណាក់កាលដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច ខណៈតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ កំពុងទទួលបានគោលនយោបាយអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ ដែលកំពុងបំប្លែងតំបន់នេះពីគោលដៅទេសចរណ៍ធម្មតា ទៅជាតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រដ៏សំខាន់មួយ។

លោកស្រីបានបន្ថែមថា ខេត្តព្រះសីហនុ មិនត្រឹមតែមានកំពង់ផែទឹកជ្រៅ និងតំបន់សេដ្ឋកិច្ចពិសេសប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងបន្តអភិវឌ្ឍយ៉ាងលឿនតាមរយៈគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍតំបន់ឆ្នេរ និងការផ្តល់អាទិភាពដល់វិស័យឧស្សាហកម្ម និងវិនិយោគ។ លោកស្រី ហាន លី បានបញ្ជាក់ថា កម្មវិធីនេះត្រូវបានរំពឹងថា នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់ភ្ជាប់បណ្តាញធុរកិច្ច និងជំរុញការវិនិយោគថ្មីៗ ជាពិសេសក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេវាកម្ម នៅកម្ពុជា។
លោកស្រីបានបន្ថែមថា៖ “ដោយឃើញពីឱកាសដ៏ល្អនេះ សារព័ត៌មានត្នោតបានសហការជាមួយក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរឹធី ម.ក ដោយមានការគាំទ្រពី ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការផ្តួចផ្តើមរៀបចំកម្មវិធី «ទេសចរណ៍ធុរកិច្ច កម្ពុជា–ចិន» នេះឡើង”។
អគ្គនាយិកាសារព័ត៌មាន ត្នោត បានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ និងមិនត្រឹមគ្រាន់តែជាកន្លែងដែលអ្នកវិនិយោគគិនទាំងឡាយធ្លាប់តែលឺឈ្មោះនោះទេ ប៉ុន្តែជាកន្លែងមួយដែលអ្នកវិនិយោគគិនត្រូវតែទៅឈ្វេងយល់បន្ថែម ស្គាល់កាន់ច្បាស់ពីទីតាំងដែលអាចឲ្យវិនិយោគគិនស្វែងរកនិងចាប់ឱកាសទាំងនោះ។